បែកធ្លាយលោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំទិសស្ទឹងត្រែង ជាអ្នកបោះមេ ឲ្យឈ្មួញដឹកឈើខុសច្បាប់
ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ ឆ្លងកាត់ខេត្តរតនគីរី យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិនជិត២ខែមកហើយ គឺមានក្រុមសមត្ថកិច្ចជំនាញ និងអាជ្ញាធរ រហូតជិត៤០ ស្ថាប័នចាប់ពីចំណុចស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រហូតដល់ស្រែពកខេត្តរតនគីរី ដែលឈ្មួញដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ។
ពាក់ព័ន្ធក្នុងការទទួលសំណូក ពីឈ្មួញ និងមានតួលេខ ច្បាស់លាស់ ក្នុងមួយស្ថាប័នចាប់ពី១០ម៉ឺនរៀល ទៅ៣០០ដុល្លារក្នុងមួយរថយន្ត១គ្រឿង ពេលដឹក ជញ្ជូន ឈើ ឆ្លងកាត់ខេត្តមួយនេះ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ គ្មាននរណា ហ៊ានចេញមុខបង្ក្រាប។
សេចក្តីរាយការណ៍បានអោយដឹងបន្តថា អំពីពុករលួយទាំងនេះ ត្រូវបានបែកធ្លាយ ដូចបែកពាងប្រហុក ខណៈហែកប្រយោជន៍ ចែកគ្នាស៊ីមិនស្មើភាព លាក់លៀម ស៊ីដាច់ គ្នាទៅវិញទៅមក ដែលមានមេឈ្មួញជួញឈើខុសច្បាប់ឈ្មោះ កាំង ម៉ៅការផ្តាច់មុខក្នុងជំនួញឈើខុសច្បាប់ដែលមាន មន្ត្រីប៉ូលីសសេដ្ឋកិច្ចក្រសួងឈ្មោះ ម៉ៅ ជាអ្នកកាងចេញមុខរត់ការ។ ក្នុងនោះសម្រាប់រថយន្ត ប្រភេទសាំយ៉ុង មួយគ្រឿង ដឹកឈើចេញពី ស្រុកសៀមប៉ាង ឆ្លងកាត់ទីរួម ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ចំណុចចាំទទួលទិញ នៅស្រែពក ព្រំប្រទល់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី គឺឈ្មួញត្រូវចំណាយលុយ ដូចតទៅ ៖ ១-ត្រូវបង់លុយឲ្យ លោក ស៊ី សួន ចៅហ្វាយ ស្រុកសៀមប៉ាង ក្នុង១រថយន្ត២០០ដុល្លារ។ ២-សមត្ថកិច្ចស្រុក ១០០ដុល្លារ។ ៣-លោក ជា សំណាង (សមត្ថកិច្ច) ១០០ដុល្លារ។ ៤-ផ្នែកសឹករងស្រុកសៀមប៉ាង ១៥ម៉ឺនរៀល។ ៥-បរិស្ថានស្រុកសៀមប៉ាង៦ម៉ឺនរៀល។ ៦-បរិស្ថានខេត្តស្ទឹងត្រែង ១៥ម៉ឺនរៀល។ ៧-នគរបាល សេដ្ឋកិច្ចខេត្ត ១៥ម៉ឺនរៀល។ ៨-អធិការ នគរបាល ស្រុកសៀមប៉ាង ១០០ដុល្លារ ។ ៩-ខាងមន្ទីរ អធិការកិច្ច ១៥ម៉ឺនរៀល។១០- តាមប៉ុស្តិ៍ នគរបាលរដ្ឋបាលដែលឆ្លងកាត់ ចាប់ពីស្រុកសៀមប៉ាងដល់ស្រែពកបង់មួយប៉ុស្តិ៍១០ម៉ឺនរៀល។១១-នាយផ្នែក រដ្ឋបាលព្រៃឈើ សៀមប៉ាង ៣០ម៉ឺនរៀល។ ១២-នាយសង្កាត់នីមួយៗ១៥ម៉ឺនរៀល។១៣-នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត ចាប់ ពី ២០០ដុល្លារទៅ៥០០ដុល្លា ,១៤-ទាហានព្រំដែន បូកជាមួយយោធាខេត្តប្រចាំការនៅព្រំដែន ១២ម៉ឺនរៀល។ ១៥-នគរបាលព្រំដែន ៥០ម៉ឺន។ ១៦-តាមស្នាក់ការ មួយស្នាក់ការ ១០ម៉ឺន រៀល។១៧-នគរបាល សេដ្ឋកិច្ចក្រសួង បង់ឲ្យមេប្រចាំទិស ១០ម៉ឺនរៀល កូនចៅឈរ រាប់ក្បាលរថយន្ត ១០ម៉ឺនរៀល ហើយ ឈ្មោះ ហែម សុមុនី ហៅ ម៉ៅ មេនគរបាល សេដ្ឋកិច្ចក្រសួង ឈរជើងនៅទីនោះកំណត់១រថយន្ត យក៣០ម៉ឺនរៀល។ ១៨-ខាងមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ៥០ ម៉ឺន រៀល ។ ១៩-សមត្ថកិច្ច ឈ្មោះ M-7 យកមួយរថយន្ត ៣០០ដុល្លារ ក្នុងនោះ ឮថា ចំណាយរត់ការ ទៅឲ្យខាង ព្រះរាជអាជ្ញា មួយរថយន្ត ២០ម៉ឺនរៀល លើសពីសម័យ លោក ជា ពេជ្រ មួយរថយន្ត ត្រឹម ១៥ម៉ឺនរៀល។ ២០-សមត្ថកិច្ចក្រុង ស្ទឹង ត្រែង ១រថយន្ត ៣០ម៉ឺនរៀល។ ២១- ទាហានផ្នែកចារកិច្ច មួយរថយន្ត ៥០ម៉ឺនរៀល។២២-ចៅហ្វាយខេត្តស្ទឹងត្រែង មួយរថយន្ត ២៥០ដុល្លារ ក្នុងនោះមានមន្ត្រីខេត្ត ជាអ្នកចេញមុខទទួលសំណូកនេះ ហើយហាមដាច់ខាតមិនឲ្យឈ្មួញនិយាយថា បង់លុយ ឲ្យចៅហ្វាយខេត្តឡើយ។ ចំពោះករណីបែបនេះក៏ប្រទាញប្រទង់គ្នា ជាមួយអភិបាលរងខេត្ត ព្រោះថា ខាងចៅហ្វាយខេត្ត បើកភ្លើងខៀវឲ្យឈើចេញខាងអភិបាលរង ដែលមិនបានលាភសក្ការ ក៏នាំទាហាន ទៅបង្អើល ក្រុមឈ្មួញឈើបង្កើតឲ្យមាន បញ្ហាស្មុគស្មាញដល់ឈ្មួញឈើចំណាយក្រៅខ្ទង់បន្ថែម ។
ជាទូទៅក្នុងមួយយប់ មានរថយន្ត សាំយ៉ុង ដឹកឈើដឹកជញ្ជូនឈើក្នុង១យប់ពី៨ទៅ១០គ្រឿង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទៅយកទៅលក់នៅស្រែពក ខេត្តរតនគីរី និងដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។នេះមិនរាប់បញ្ចូល ឈ្មួញ ដឹកជញ្ជូនប្រណិតខុសច្បាប់ ចូលលក់អោយឈ្មួញក្នុងទីរួមខេត្តស្ទឹងត្រែង មួយយប់ជាង២០គ្រឿងនោះឡើយ។
ករណីខាងលើមិនអាចទទួលការ បំភ្លឺពីលោក ហែមសុមុនី ហៅម៉ៅមេប៉ូលិសសេដ្ឋកិច្ច ក្រសួង ប្រចាំទិសស្ទឹងត្រែង បាននៅឡើយ ៕