លោកកែន សត្ថា សំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនមកពីគ្រប់មូលដ្ឋាន
កែប ៖ នៅព្រឹកថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៧នេះ លោកកែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកែប បានធ្វើកិច្ចសំណេះសំណាលជាមួយសមាជិកបក្សរបស់ខ្លួន ដែលមកពីគ្រប់មូលដ្ឋាន ដើម្បីជម្រុញយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ទទួលបានជោគជ័យនិងមានប្រសិទ្ធភាព។
ទាក់ទងនឹងយុទ្ធនាការឃោសនា រកសម្លេងគាំទ្រនេះដែរ គេបានកត់សម្គាល់ឃើញចាប់តាំងពីថ្ងៃបើកយុទ្ធនាការដំបូងរហូតមកដល់ពេលនេះ ការចូលរួមរបស់សមាជិកបក្សប្រជាជន កាន់តែមានសន្ទុះខ្លាំង និងមានការចូលរួមគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់គ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋគ្រប់តំបន់និងគ្រប់មូលដ្ឋាន នៃភូមិសាស្ត្រខេត្តកែបទាំងមូលតែម្តង។
ដោយសារតែគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងជាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិប្រកបដោយការរីកចម្រើន ពិសេសបានប្រែក្លាយជីវភាពប្រជាពលរដ្ឋតាមតំបន់និមួយៗ កាន់តែមានភាពធូរធាពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនេះជាប្រជាប្រិយភាពមួយធ្វើឲ្យពលរដ្ឋកាន់តែមានជំនឿរជឿរជាក់ និងមានក្តីសង្ឃឹមទាំងស្រុងទៅលើការដឹកនាំរបស់គណបក្សប្រជាជនតែមួយគត់ ។
ជាមួយនេះ ក្រុមការងាររបស់គណបក្សប្រជាជន ក៏មានភារកិច្ចក្នុងការជួយជ្រោមជ្រែងទំនុបបំរុងដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងឆ្លើយតបបានទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ទាំងនេះដែលជាគោលដៅមួយដែលធ្វើឲ្យគណបក្សប្រជាជន មានគ្រឹះដ៏រឹងមាំ និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ៕ ណារិទ្ធ