ក្រោយពេលលោក យ៉ែម ហេមរ៉ាត ត្រលប់ទៅកន្លែងដើមវិញ ចំណូលពន្ធធ្លាក់ចុះ ហើយប៉េអឹម ចេញបង្ក្រាបទំនិញគេចពន្ធ ជំនួសគយ
ខេត្តបាត់ដំបង ៖ ចាប់តាំងពី លោក យ៉ែម ហេមរ៉ាត បានចាយលុយ ដើម្បីលុបលាងកំហុស មានឱកាស វិលទៅកាន់តំណែង ជាប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកតំបន់ អូររំដួល រយះពេលប៉ុន្មានខែ កន្លងមកនេះ គេសង្កេតឃើញ ចំណូលពន្ធ មានការធ្លាក់ចុះ ប៉ុន្តែទំនិញគេចពន្ធ និងខុសច្បាប់ បានបន្តហូរចូល តាមច្រកនេះ មិនចាញ់ក្បួនដង្ហែ ឃោសនា រកសម្លេងឆ្នោត របស់គណបក្សនយោបាយ នោះទេ ហើយយូរៗទៅ គេឃើញកម្លាំង អាវុធហត្ថ ជាអ្នកចេញបង្ក្រាប ទំនិញគេចពន្ធ ជំនួសកូនចៅ របស់លោក យ៉ែម ហេមរ៉ាត ។
មន្ត្រីតូចតាច និងអ្នករកស៊ី ដឹកជញ្ជូនទំនិញ បានបង្ហើបឲ្យដឹងថា លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកតំបន់ អូររំដួល ស្ថិតក្នុង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានជំនាញ ឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ធ និងទំនិញខុសច្បាប់ កាលពីអំឡុង ខែមិថុនា ត្រូវបានអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កោះហៅឲ្យមកបំភ្លឺ ពាក់ព័ន្ធនឹងភាព មិនប្រក្រតីជាច្រើន ក្នុងពេលបំពេញមុខងារ។ លោក យ៉ែម ហេមរ៉ាត់ បានក្លែង ឯកសារជាច្រើន ពាក់ព័ន្ធនឹង ការនាំចូល ទំនិញខូចគុណភាព និងទាក់ទិន ករណីក្លែងបន្លំឯកសារ ធ្វើឲ្យរដ្ឋបាត់ចំណូល ក្នុងមួយខែៗ រាប់សែនដុល្លារ។
ករណីច្រកតំបន់ អូរំដួល នៅស្រុកភ្នំព្រឹក ត្រូវបានបណ្ដាញព័ត៌មាន ក្នុងស្រុកជាច្រើន ធ្វើការផ្សព្វផ្សាយ រឿងអាស្រូវ របស់លោក យ៉ែម ហេមរ៉ាត់ ជាបន្តបន្ទាប់ កាលពីអំឡុង ពាក់កណ្ដាល ខែមិថុនា ឆ្នាំ២០១៦ ទើបអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កោះហៅឲ្យលោក យ៉ែម ហេរ៉ាត់ ប្រមូលរបាយការណ៍ ឬឯកសារ ពាក់ព័ន្ធ ដើម្បីយកទៅធ្វើការ ផ្ទៀងផ្ទាត់ និងបំភ្លឺអំពី ភាពមិនប្រក្រតី កន្លងមក។ មានឯកសារ ជាច្រើនទៀត ដែលលោក យ៉ែម ហេមរ៉ាត បានរៀបចំឡើង ដើម្បីបន្លំ កុហកថ្នាក់លើរបស់ខ្លួន ដើម្បីកិបកេង ចំណូលថវិកាជាតិ យកទៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ លោក យ៉ែម ហេមរ៉ាត បានព្យាយាម ចាយលុយ តាមគ្រប់មធ្យោបាយ ដើម្បីរត់ការមកកាន់ កន្លែងដើមវិញ ដោយរលូន ព្រោះជាកន្លែង ងាយរកលុយ ច្រកហោប៉ៅ៕