គយច្រកព្រុំរងការរិះគន់រឿងទំនិញគេចពន្ធដឹកចូលយ៉ាងអនាធិបតេយ្យ
ខេត្តប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមឈ្មួញបានសម្រុកនាំចូលទំនិញដូចជា ប្រភេទរថយន្តស៊េរីទំនើបៗ ដែលឈ្មួញបានកាត់តទៅជារថយន្តកាប់សាច់ដឹកតាមកុងតឺន័រក៏ដូចជាស្រាបៀរ ភេសជ្ជៈគ្រប់មុខ និងទំនិញចាប់ហួយជាដើមត្រូវបានឈ្មួញធ្វើការនាំចូលពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិព្រុំនៃខេត្តប៉ៃលិនមិនតិចជាង៣០០គ្រឿងឡើយក្នុងមួយខែៗ ប៉ុន្តែត្រូវបានសង្ស័យថា ទំនិញទាំងនោះគឺឈ្មួញនាំចូលបង់ពន្ធប្រមាណ៥០%ប៉ុណ្ណោះ ។ ក្រៅពីនោះក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីគយ ដើម្បីបង់លុយក្រៅប្រព័ន្ធចូលហោប៉ៅមន្ត្រីគយតែម្តង ។ ខណដែលករណីនេះត្រូវបានគេដឹងថា ក្រុមឈ្មួញមន្ត្រីគយតែងតែឃុបឃិតគ្នា លួចចំណូលរដ្ឋមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់ រាប់ឆ្នាំមកហើយ ។
ប្រជាពលរដ្ឋរួមទាំងអាជីវករ បានធ្វើការរិះគន់ ចំពោះមន្ត្រីគយប្រចាំការអន្តរជាតិព្រុំ ខេត្តប៉ៃលិន ដែលឃុបឃិតឲ្យទំនិញគេចពន្ធពីប្រទេសថៃចូលតាមច្រកអន្តរជាតិមួយនេះយ៉ាងអនាធិបតេយ្យ ខណដែលមន្ត្រីគយអង្គុយប្រមូលលុយយ៉ាងត្រជាក់ចិត្ត ។
ប្រភពបានបញ្ជាក់ថា មានឈ្មួញធំៗ ប្រមាណ៦ទៅ៧នាក់បានរកស៊ីនាំទំនិញខាងលើពីប្រទេសថៃជាច្រើនឆ្នាំមកហើយ ដឹកតាមរថយន្តកុងតឺន័រ និងរថយន្តយីឌុប ដោយក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីគយពុករលួយក្លែងប្រភេទមុខទំនិញពីទំនិញថ្លៃមកជាប្រភេទទំនិញចម្រុះ ពីរថយន្តស៊េរីទំនើបៗគាត់តឲ្យទៅជារថយន្តកាប់សាច់ (រថយន្តជជុះ) ដើម្បីបង់ពន្ធទាបត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។
ល្បិចបំភ័ន្តភ្នែកបែបនេះបានកើតឡើងតាំងពីជំនាន់មេគយមុនៗមកម្ល៉េះធ្វើឲ្យចំណូលពន្ធគយមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ឬមួយឆ្នាំៗ ហើយរដ្ឋគឺជាអ្នកខាតបង់ រីឯមន្ត្រីគយដែលចូលចិត្តប្រព្រឹត្តអំពើពុករលួយជាអ្នកមានបាន។
ប្រជាពលរដ្ឋនឹងក្រុមឈ្មួញបានលើកឡើងថា លោក ទី ប៊ុនឡេង អនុប្រធានស្តីទីក្តោបក្តាប់ការងាររួមនៃការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រុំ និងលោក សំ សុវណ្ណារីទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនទំនងជានាំគ្នាបន្តអនុវត្តន៍នូវវប្បធម៌ពុករលួយតាមរយៈការប្រើជំនាញរបស់ខ្លួនក្នុងការគៃបន្លំយកថវិការបស់ជាតិមកចែកគ្នាធ្វើមានបានផ្ទាល់ខ្លួនមិនចាញ់មេគយជំនាន់មុនៗនោះទេ ទើបមិនហ៊ានបង្ក្រាបយកស្នាដៃបែបនេះ ។
សារព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីគយទាំងពីររូបខាងលើបាននៅឡើយទេ ខណះដែលសកម្មភាពនាំទំនិញគេចពន្ធចូលនៅតែត្រូវគេមើលឃើញថា ក្រុមឈ្មួញបាននឹងកំពុងនាំចូលយ៉ាងគគ្រឹគគគ្រេង ដោយពុំមានការបង្ក្រាបនោះឡើយ៕