គណបក្សប្រជាជនក្រុងតំពត បានដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ សង្កាត់នៅព្រឹកថ្ងៃបន្ទាប់
កំពត ៖ នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៧នេះក្រុមការងារគណបក្សប្រជាជនក្រុងកំពត បានធ្វើក្បួនដង្ហែឃោសនានៅតាមតំបន់នានាជុំវិញបរិវេណខេត្ត ដែលមានសមាជិកបក្សចំនួន៣សង្កាត់ចូលរួម មានសង្កាត់កំពង់កណ្តាល សង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល។
ក្នុងការដង្ហែដែលមានសមាជិក សមាជិកា ចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេបានវាយតម្លៃថា ក្នុដំណើរការឃោសនានោះ ពិតជាទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពិសេសប្តជាពលរដ្ឋដែលតែងតែជឿរទុកចិត្តទាំងស្រុងលើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះ។
នៅព្រឹកនោះដែរ គេក៏ឃើញវត្តមានថ្នាក់ដឹកនាំសំខាន់ៗក្នុងជួរគណបក្សប្រជាជន និងសកម្មជនគណបក្ស រួមទាំងសមាជិកបក្ស បានដង្ហែក្បួនមកជួបជុំគ្នានៅចំណុចរង្វង់មូលទុរេននៃខេត្តកំពត ទើបបន្តដង្ហែឆ្ពោះទៅភូមិសាស្ត្រនានានៃបរិវេណក្រុងទាំងមូល ដោយប្រើប្រាស់មធ្យោបាយជា ម៉ូតូ និងរថយន្តរាប់រយគ្រឿង ក្រោមសម្រែកជ័យឃោស គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។បោះឆ្នោតជូនគណបក្សប្រជាជនគ្រប់អាណតិ្តនឹងផ្តល់នូវសុខ សន្តិភាព និងការអភិវឌ្ឍន៍។
ក្នុងការដង្ហែក្បួនឃោសនានេះថ្វីត្បិតក្រុងកំពត ជ្រើសយកសមាជិកតែ៣សង្កាត់សោះ គឺមានអ្នកគាំទ្រដ៏ច្រើនលើសលប់ទៅហើយ ចុះទម្រាំប្រមូលសមាជិកបក្សទូទាំងខេត្តវិញពិតជាដងផ្លូវនានានឹងត្រូវស្ទះចរាចរណ៍មិនខាន ។ ក្បួនដង្ហែព្រឹកនេះ ទោះជាមិនដឹងតួលេខច្បាស់លាស់ ប៉ុន្តែអាចប៉ាន់ស្មានថាពិតជាមានការចូលរួមពីសមាជិក សមាជិកា ដ៏ច្រើនអនេក ដោយសង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤ទូទាំងខេត្តកំពត ពិតជាបានជោគជ័យយ៉ាងត្រចះត្រចង់ ៕