ក្រុមហ៊ុនចិនមកបើកអាជីវកម្មនៅស្រុកខ្មែរគួរចេះគោរពសិទ្ធិម្ចាស់ផ្ទះផង
ស្វាយរៀង ៖ មហាជនក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង នៅពេលថ្មីៗនេះ បាននិងកំពុងនាំគ្នារិះគន់មកលើក្រុមហ៊ុនរបស់ចិនដែលបានមកបើកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែជាមិនគោរពម្ចាស់មាតុភូមិ ដោយសារការតាំងផ្លាកយីហោបែបលក្ខណៈបរទេសគឺមិនសរសេរជាអក្សរខ្មែរមួយតួឡើយ បណ្តាលឲ្យមានប្រតិកម្មដ៏ពុះកញ្ជ្រោលពីសំណាក់ប្រជាពលរដ្ឋតែម្តង។
ចំពោះការសុំច្បាប់បើកធ្វើអាជីវកម្មនេះ គេមិនដឹងថាម្ចាស់ក្រុមហ៊ុនចិនមួយនេះ បានសុំគោលការណ៍ត្រឹមថ្នាក់ណានោះទេទើបហ៊ានតាំងផ្លាកយីហោសរសេរតែអក្សរបរទេសបែបនេះ។
យោងតាមមតិពីមជ្ឈដ្ឋាននានាក៏បានលើលឡើងស្រដៀងគ្នាថា ធម្មតាជនបរទេសពិសេសជនជាតិចិនតែម្តង ពេលពួកគេមករកស៊ីនៅស្រុកខ្មែរ ហាក់ពុំសូវចេះគោរពកោតក្រែងឬគោរពសិទ្ធបុគ្គលណាម្នាក់ឡើយ ព្រោះគេសំអាងលើការទម្លាក់ទន់រកសីុនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ម្យ៉ាងទៀតជនជាតិចិនពេលបើកធ្វើអាជីវកម្មអី្វមូយនៅស្រុកយើងច្រើនតែកេងយកកំលាំងពលកម្មកម្មករឬដើរខ្សែលើចំពោះបុគ្គលិកខ្លួនឯង ហើយករណីនេះតែងកើតឡើងជារឿយៗផងដែរ។ទន្ទឹមនឹងមានភាពមិនប្រក្រតីកើតឡើងនេះ មហាជនសំណូមពរដល់ស្ថាប័នពាក់ព័ន្ធមេត្តាជួយចុះមកត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមហ៊ុនចិនមួយកន្លែង ដែលមានទីតាំងនៅជាប់កាសីុណូ ម៉ុកបាយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នេះផង។
គួររំលឹកថា ក្រុមហ៊ុនចិនខាងលើ កាលពីសាងសង់រួចរាល់ភ្លាមៗ ក៏បានតម្លើងប៉ាយ(ផ្លាកយីហោ)ដោយសរេសរឈ្មោះជាអក្សរបរទេសសុទ្ធសាធ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងក៏ត្រូវប្រជាពលរដ្ឋនាំគ្នាចេញប្រតិកម្មយ៉ាងពុះកញ្ជ្រោល ដោយសារឃើញសភាពមិនស្រួល ទើបបុគ្គលិកនៅទីនោះក៏សម្រេចយកក្រណាត់ក្រហមមកបិទរុំ ដើម្បីបំបិទចោលកុំឲ្យមានអ្នករិះគន់បន្តទៀត៕