កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះចាប់រឹបអូសផលិតផលក្លែងក្លាយឡេលាបសាច់ឲ្យសជាង៥តោន
កាលពីរសៀលថ្ងៃទី ១៦ខែឧសភាឆ្នាំ២០១៧ កម្កាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការជាមួយមន្ត្រីសុខាភិបាលដោយមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងរាធានីភ្នំពេញបានចុះបង្ក្រាបទីតាំងស្តុកទុកផលិតផលក្លែងក្លាយប្រភទឡេលាបសាច់ឲ្យសមួយកន្លែងមានទីតាំងថិតនៅក្នុងសង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការសម្រប សម្រួលពីលោកស្រីម៉ានីព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងចុះចាប់បង្ក្រាបរឹបអូសផលិតផលក្លែងក្លាយជាច្រើនប្រភេទបានចំនួនជាង៥តោន រួមនិងឱសថ៦មុខ ទៀតស្មើនិង១២៥កាតុង ក្លែងលេខបញ្ជីការរបស់ ក្រុមហ៊ុនIndochina ។ ប៉ុន្តែម្ចាស់ទំនិញខាងលើ មិនត្រូវបានឃាត់ខ្លួនទេ។
ទោះជាមានការបង្ក្រាបជាញឹកញាប់ពីក្រüមសមត្ថកិច្ច យ៉ាងណាក៏ពួកឈ្មួញខិលខូចមួយចំនួននៅតែលួចប្រព្រឹត្តបទល្មើសជួញដូរនូវផលិតផលនិងឱសថក្លែងក្លាយនេះមិនដាច់សោះ។ ដូច្នេះបងប្អូនប្អូនប្រជាពលរដ្ឋពិសេសនារីៗ ត្រូវតែប្រុងប្រយ័ត្ន មុននឹងទិញផលិតផលឡេ ឬម្ស៉ៅលាបខ្លួន ត្រូវពិនិត្យមើលម៉ាក និងកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ៕