ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សសង្កាត់ព្រៃធំ
កែប ៖ ក្រុមការងារគណបក្សប្រជាជនខេត្តកែប នៅព្រឹកថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើពិធីសំណេះសំណាលជាមួយមន្ត្រីរបស់ខ្លួន ស្ថិតក្នុុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកែបនិងលោកអ៊ុក ថា ក្រុមការងារគណបក្សខេត្ត ចុះជួយភូមិដំណាក់ចង្អើរព្រមទាំងមានការចូលរួមពីសំណាក់ប្រធានក្រុមបក្សនិងសមាជិកបក្សប្រមាណ៣៤៦នាក់ផងដែរ។
លោកតូច សាម៉ន ប្រធានគណៈកម្មាធិការបក្ស សង្កាត់ព្រៃធំ បានឲ្យដឹងថា ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ជិតចូលមកដល់ហើយ លោកក៏បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋពិសេសសមាជិកបក្សក្នុងសង្កាត់ព្រៃធំទាំងមូល ត្រៀមលក្ខណៈដើម្បីចូលរួមក្នុងយុទ្ធនាការនិងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
មានមតិសំណេះសំណាលនាឱកាសនោះ លោក កែន សត្ថា ប្រធានគណបក្សខេត្ត បានបញ្ជាក់ថា វេលាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៤ខែមិថុនា ឆ្នាំ២០១៧ខាងមុខ បើគិតពីពេលនេះគឺនៅសល់តែ២១ថ្ងៃប៉ុណ្ណោះ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។លោកក៏បានថ្លែងដោយក្រើនរំលឹកដល់សមាជិក សមាជិកានៃគណបក្សទាំងអស់ សូមជួយពង្រឹងក្រុមបក្សក្នុងមូលដ្ឋាន របស់ខ្លួនឲ្យបានល្អប្រសើរ ដោយបង្កើនសមត្ថភាពនិងអនុវត្តគោលការណ៍ឲ្យបានខ្ជាប់ខ្ជួនសម្រាប់ជាទិសដៅនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់។លោកក៏បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នប្រជាជនសឹងតែ១០០%ទៅហើយដែលជឿរលើគោលនយោបាយរបស់គណបក្សប្រជាជន ព្រោះពួកគាត់មិនមែនល្ងង់ហើយក៏ឈប់ចាញ់ឧបាយកលរបស់ក្រុមអ្នកនយោបាយបោកប្រាស់ទៀតហើយ ដោយប្រជាពលរដ្ឋសព្វថ្ងៃមានភាពជឿរជាក់តែគណបក្សប្រជាជនមួយគត់ ដែលបានដឹកនាំប្រទេសមានភាពរីកចម្រើននិងការអភិវឌ្ឍន៍។លោកបានគូសបញ្ជាក់ថា បើផ្អែកលើការប្រៀបធៀបពីតួលេខប្រជាពលរដ្ឋតាមតំបន់ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត១០០នាក់គឺមានសមាជិករបស់គណបក្សប្រហែល៩៦នាក់ទៅហើយ បានន័យថា ក្នុងនោះគណបក្សប្រឆាំងមានត្រឹមតែ៤ភាគរយប៉ុណ្ណោះ។លោកក៏បានពាំនាំនូវជំហដ៏រឹងមាំសម្រាប់ក្រើនរំលឹកដល់សមាជិករបស់ខ្លួន ដោយប្រកាន់យកនូវអត្ថន័យ បោះឆ្នោតជូនគណបក្សប្រជាជនដូចបោះឆ្នោតឲ្យខ្លួនឯងដែរ។ទន្ទឹមនឹងនេះ ដោយផ្អែកលើសមិទ្ធផលគ្រប់យ៉ាងដែលបានមកពីភាពខិតខំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន គ្រប់ជាន់ថ្នាក់នោះពិតជាទិសដៅដ៏មានប្រសិទ្ធភាពសម្រាប់ជាគន្លឹះនាំមកនូវភាពជោគជ័យនិងមានការគាំទ្រដ៏លើសលប់ពីគ្រប់មជ្ឈដ្ឋានពិសេសប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។