សម្ពោធអគាររដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់
ខេត្តសៀមរាប ៖ អបអរសាទរ ចំពោះបងប្អូនមន្ត្រីរាជការ រដ្ឋបាលខេត្តសៀមរាប ដែលបានចូលធ្វើការនៅកន្លែងថ្មី ដែលបានដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការព្រឹកមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបត្រូវបានដំណើរការសាងសង់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ដោយក្រុមហ៊ុន កាំត្រង់ស៊ីប លើផ្ទៃដីទំហំ ៦ ហិកតា មានអគារមន្ទីរជំនាញសរុបចំនួន ២៦ មន្ទីរដែលជាប្រភេទអគារភ្លោះចំនួន ១២ អគារ និងអគារទោលចំនួន ២ អគារ ហើយអគារនីមួយៗ មានទំហំ ២០.៥០ X ២៣.៨០ ម៉ែត្រ មានចំនួន ២ ជាន់ ១៥ បន្ទប់ មានសាលប្រជុំមួយ ឃ្លាំងទុកដាក់សម្ភារៈ និងបន្ទប់សំរាប់ទុកដាក់ឯកសារចំនួន ៣ បន្ទប់។ អគារនីមួយៗ គឺមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ និងដំបូលប្រកក្បឿងស្រកាលិញ ក្នុងនោះមានបំពាក់ដោយបរិក្ខារម៉ាស៊ីនត្រជាក់ ភ្ជាប់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង បណ្តាញទូរស័ព្ទ ប្រព័ន្ធការពាររន្ទះ ជណ្តើរខាងក្នុង និងជម្រាលជនពិការ ១ កន្លែង ចំពោះបរិវេណអគារគឺមានការរៀបចំសួនច្បារ ដាំដើមឈើ ចំណតយានយន្ត របងព័ន្ធជុំវិញទីតាំងមណ្ឌលរដ្ឋបាល ក្លោងទ្វារធំ និងរោងសន្តិសុខច្រកចេញចូលចំនួន ៣ ច្រក រៀបចំឃឿន និងដងទង់ជាតិ។ល។
សរុបថវិកាដែលបានចំណាយលើការសាងសង់អគារមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបនេះ មានចំនួន ៧៦ ០៣០ ០០០ ០០០៛ (ចិតសិបប្រាំមួយប៊ីលាន សាមសិបលានរៀលគត់)។ បន្ថែមពីនេះ យើងក៏មានផ្ទៃដីចំនួន ២,៥០ ហិកតា សម្រាប់ធ្វើទីលានសាធារណៈ និងដីបម្រុងចំនួន ០,៦៣ ហិចតា ផងដែរ។
ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយ ជូនដល់សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស១ដុំ ប្រាក់ ១ម៉ឺនរៀល សិស្ស ក្រុមយុវជនកាកបាទក្រហម និង កាយរិទ្ធ ម្នាក់ៗ សៀវភៅ០២ក្បាល ប៊ិច ០១ដើម ប្រាក់៥ពាន់រៀលផងដែរ ៕