ឃាត់ខ្លួនជនសង្ស័យ៩នាក់រួមនឹងសាធាតុញៀនមួយចំនួន
កំពត ៖ ទោះជាសមត្ថកិច្ចបាននិងកំពុងចេញប្រតិបតិ្តការបង្ក្រាបគ្រឿងញៀនយ៉ាងក្តៅគគុកនិងដូចភ្លៀងរលឹមបែបណា ក៏នៅតែមានការលួចចរាចរណ៍មិនចេះអស់មិនចេះហើយ។ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចខេត្តកំពតក៏បានឆ្មក់បង្ក្រាបក្រុមពាក់ព័ន្ធគ្រឿងញៀនបានចំនួន៩នាក់និងដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ក្នុងនោះមាន២កញ្ចប់ធំ ព្រមទាំងរឹបអូសមធ្យោបាយនិងសម្ភារៈផ្សេងៗមានពូថៅ៣ ដាវសាម៉ូរ៉ៃ១ កាំបិតចុងស្រួច២ អាវុធច្នៃ១ដើមនិងកាំភ្លើងខ្លីប្រភេទប្រាសហា១ដើមផងដែរ។
លោកវរសេនីយ៍ឯក ទូច ឌន នាយការិយាប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពតបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានិងក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រមទាំងមានការសម្របសម្រួលពីលោក ខាន់ សុផល និងលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ទើបលោកដឹកនាំកំលាំងអន្តរាគមន៍ពិសេសរបស់ស្នងការនគរបាលខេត្ត ដោយបង្ក្រាបបានក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនចំនួន៩នាក់ជាបន្តបន្ទាប់ ។
ជាមួយនឹងការបង្ក្រាបខាងលើ សមត្ថកិច្ចក៏បានដកហូតសារធាតុញៀននិងសម្ភារៈប្រព្រឹត្តបទល្មើសបានមួយចំនួន។លោកបានបញ្ជាក់ថា ជនសង្ស័យចំនួន៩នាក់ក្នុងចំណោមនោះមានខ្លះពុំមានការពាក់ព័ន្ធ រួមមាន៖ទី១.ឈ្មោះ ចាន់ សេរីរដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរ)មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ទី២.ឈ្មោះ ផាន់ ដាលីន ភេទស្រី អាយុ២០ឆ្នាំ(ចែកចាយ)រស់នៅក្នុងភូមិទី្វខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ទី៣.ឈ្មោះ លាង សន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ទី៤.ឈ្មោះ ស៊ីន ប៊ុនថង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ទី៥.ឈ្មោះ វន ហ៊ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ទី៦.ឈ្មោះ ម៉េង រចនា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ទី៧.ឈ្មោះ ឌី ពៅ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ទី៨.ឈ្មោះ ហ៊ុយ ឈួយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី និងទី៩.ឈ្មោះ ហ៊ួន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាង សមត្ថកិច្ចបាន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការតាមផ្លូវច្បាប់ ៕