បើកម៉ូតូបត់មិនមើលក្រោយត្រូវរថយន្តបុករបួសធ្ងន់
កែប ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមិនប្រយត្នគឺបត់ទាំងបង្ខំ ចៃដន្យរថយន្តបោះពួយមកពីក្រោយគេចមិនរួចទើបព្រលះប្រាវបណ្តាលឲ្យរបួសតែម្តង។
គ្រោះថ្នាក់ដ៏គួរឲ្យញាក់សាច់នេះបានកើតឡើងនៅវេលាម៉ោង១៥និង៤នាទីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវចូលវរសេនាតូចលេខ១ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលប៉ះទង្គិចគ្នាគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម្នាក់ឯងម៉ាកវីវ៉ា តាមបណ្តោយផ្លូវ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបុរសរងគ្រោះក៏បានបត់ម៉ូតូរបស់ខ្លួនទាំងបង្ខំ គាប់ជួនមានរថយន្តម៉ាកសាមយ៉ុងបោះពួយមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ទើបបុកម៉ូតូមួយទំហឹងបណ្តាលឲ្យមនុស្សផ្លោងខ្ទាតមកចិញ្ចើមផ្លូវ រីឯម៉ូតូត្រូវរថយន្តបុកអូសចម្ងាយប្រហែល២០ម៉ែត្រទើបទៅមុខលែងរួច ហើយខណៈនោះម្ចាស់រថយន្តបើកទ្វារដាក់មេផាយបាត់ស្រមោលតែម្តង។
ប៉ូលិសចរាចរណ៍ដែលបានមកវាស់វែងនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ងឹម សីហន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅចំណុចភូមិ សង្កាត់កើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប 1A-0782 ។ ដោយឡែករថយន្តបង្កម៉ាក សាមយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-0093 អ្នកបើកបរគេចខ្លួនបាត់។
ក្រោយពីវាស់វែងមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលក្រុងកែបសម្រាប់ដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្តទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកែប ៕