ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានធ្វើឡើងនៅខេត្តព្រៃវែងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ
ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានធ្វើឡើងនៅខេត្តព្រៃវែងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រព្រះរាជពិធីច្រត់ព្រះនង្គ័ល រាជរដ្ឋាភិបាលនិងព្រះបរមរាជវាំងបានសម្រេចរើសយកខេត្តព្រៃវែងជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ ២០១៧ ។ ពិធីបុណ្យច្រត់ព្រះនង្គ័លជាព្រះរាជពិធីបុណ្យទ្វារទសមាសជាពិធីបុណ្យប្រពៃណីជាតិមួយដែលតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំក្រោមវត្តមានព្រះករុណាព្រះមហាក្សត្រកម្ពុជាដោយមានការផ្សងជាទំនាយចំពោះចំណីអាហារណាមួយដែលគោឧសភរាជបានបរិភោគច្រើនជាងគេជាជ័យមង្គលសម្រាប់ប្រជាកសិករក្នុងការធ្វើស្រែចំការ។
នៅព្រឹកថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០១៧ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងត្រូវធ្វើឡើងនៅឯកស្រុកកំចាយមារខេត្តព្រៃវែងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី។
ព្រះរាជពិធីដែលធ្វើឡើងលើព្រះស្រែ ក្នុងបរិវេណសកលវិទ្យាល័យជាស៊ីមកំចាយមារនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាសម្តេចហេងសំរិនប្រធានរដ្ឋសភាសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋសរុបជាង១ម៉ឺននាក់។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លជាព្រះរាជបវេណីដ៏ខ្មែរដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សាដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសជាពិសេសដើម្បីផ្សងមើលការដាំដុះនិងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ។
ព្រះរាជពិធីនេះ ត្រូវបានអាក់ខាននៅក្នុងរបបសាធារណរដ្ឋនិងរបបខ្មែរក្រហមហើយត្រូវបានប្រារព្ធធ្វើជាថ្មីនៅក្នុងរបបរាជាណាចក្រទី២នៅថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៤ក្រោយពេលរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ពិធីច្រត់ព្រះនង្គ័លដែលត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខឯវាលព្រះមេរុស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃនៅរាជធានីភ្នំពេញនិងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះចំណែកឯឆ្នាំ២០១៦ធ្វើឡើងនៅខេត្តសៀមរាប។
ពិធីច្រត់ព្រះនង្គ័លគឺជាព្រះរាជពិធីមួយសំខាន់បំផុតបន្ទាប់ពីព្រះរាជាអភិសេកជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។នៅប្រទេសឥណ្ឌាបុរាណនិងនៅព្រះរាជាណាចក្រកម្ពុជាការប្រកបរបរកសិកម្មជាមុខរបរចម្បងដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករនិងភោគផលដំណាំដទៃៗទៀត(បច្ចុប្បន្នប្រជានុរាស្ត្រខ្មែរប្រកបមុខរបរធ្វើស្រែប្រមាណជា៨០%)។
តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករឬក៏ផលដំណាំផ្សេងៗដូចជាពោតសណ្តែកល្ងដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះបណ្តាលមកពីកត្តាចម្បងមួយគឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គស្តេចក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។មានន័យថាផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះបច្ចេកទេសឬសេដ្ឋកិច្ចនោះទេពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សងមើលប្រថ្នូលរបស់ស្រុកទេសទៅតាមការស៊ីផឹករបស់គោឧសភរាជ។គោ១នឹមដែលទឹមច្រត់ព្រះនង្គ័លនោះគេហៅថាគោឧសភរាជក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្នគឺសម្បុរខ្មៅស្នែងរាងជ្រពាស់ឈ្នក់ឬប្រក់នាគគឺរាងខុបទៅមុខបន្ដិចហើយវាត់ចុងទៅលើបន្ដិច។គោ២នឹមទៀតដែលសម្រាប់ហែមុខហែរក្រោយឃើញថាមិនទាន់កំណត់លក្ខណៈតែតាមដែលធ្លាប់ប្រើមកហើយឃើញច្រើនតែសម្បុរក្រហម។
ឯគោឧសភរាជនោះវេលាទឹមច្រត់ព្រះនង្គ័លគេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែងនិងពាក់សំពត់កម្រាលសម្បុរក្រហមលើខ្នងផង។ឯព្រះនង្គ័លទាំង៣នោះគេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័លសំរាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគលាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរបែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជគឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដែលទឹមច្រត់ព្រះនង្គ័លនោះឱ្យស៊ីផឹកអាហារ៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លាគឺគ្រាប់ស្រូវ១តុគ្រាប់សណ្ដែក១តុគ្រាប់ពោត១តុគ្រាប់ល្ង១តុស្មៅស្រស់១តុទឹក១តុស្រា១តុ។
សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំង៧យ៉ាងគឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយតែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វីក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេកាលព្រះគោស៊ីផឹកអ្វីមួយយ៉ាងឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។
សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើងតាមប្រពៃណីព្រាហ្មណ៍បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាចស្តេចហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ។
តាមពិតទៅបុណ្យច្រត់ព្រះនង្គ័លនិងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈនិងអត្ថន័យស្រដៀងគ្នាព្រោះថាទោះការអនុវត្តពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តីឬជីវចលនិយមក្ដីវារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា។ ដូច្នេះពិធីច្រត់ព្រះនង្គ័លដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម។អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរគឺការគ្រប់គ្រងទឹក៕