អាជ្ញាធរខេត្តកំពតដឹកនាំមន្ត្រីរាជការប្រារព្វពិធីបុណ្យវិសាខបូជា
កំពត ៖ នៅរសៀលថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៧ត្រូវនឹងថ្ងៃ១៥កើខែពិសាខ អាជ្ញាធរខេត្តកំពតរួមនឹងមន្ត្រីរាជការទូទាំងខេត្ត ក៏ដូចជាមន្ត្រីសង្ឃ និងមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ បានប្រារព្វពិធីបុណ្យវិសាខបូជា ក្នុងគោលបំណងលើកស្ទួយវិស័យសាសនាឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
ពិធីនេះបានប្រារព្វឡើងនៅបរិវេណប្រាសាទដើមពោធិនៃសួនច្បារខេត្តកំពត ក្រោមការចូលរួមពីសំណាក់ លោកស្រី អ៊ុន សុគន្ធា អ្នកតំណាងមណ្ឌលកំពត លោកអឺុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តនិងលោក សឹុម វុទ្ធា អភិបាលរងខេត្ត ហើយអត្ថន័យបុណ្យវិសាខបូជានេះ ក៏ត្រូវបាន លោកប្រធានមន្ទីរធម្មការនិងសាសនាលើកឡើងថា ជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដោយការប្រារព្វនេះក៏ដើម្បីរំលឹកដល់ព្រះពុទ្ធអង្គសមណគោត្តមបរមគ្រូនៃយើង នាថ្ងៃពេញបូរណ៍មីគឺថ្ងៃទី១៥កើតខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ត តែងតែធ្វើសក្ការៈបូជាប្រកបដោយជំនឿរនិងមហាកុសលដ៏ប្រសើរ ហើយពិធីបុណ្យនេះមានអត្ថន័យបីសំខាន់ ទី១.រំលឹកថ្ងៃព្រះអង្គទ្រង់ប្រសូត្រចាកឧទ្ទរមាតា ទី២.រំលឹកដល់ថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងនូវសប្បញូតញាណ ទី៣.រំលឹកថ្ងៃព្រះអង្គទ្រង់យាងរលត់ខន្ខ័ចូលកាន់ព្រះនិព្វានជាឋានបរមសុខរលត់ទុក្ខ។
ការប្រារព្វបុណ្យដ៏ពិសេសនេះ សម្រាប់ខេត្តកំពត តែងតែធ្វើឡើងចំថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យមានកំលាំងខ្លាំងក្លានិងមានឥទ្ធិពលជ្រួតជ្រាបកាន់តែជ្រៅទៅក្នុងក្រអៅបេះបូងខ្មែរគ្រប់រូប គ្រប់ជំនាន់និងស្ថិតស្ថេរគង់វង្សជាអមតៈ ស្របតាមបាវចនា”ជាតិ សាសនា ព្រះមហាក្សត្រ”៕