អាជ្ញាធរខេត្តកែបដឹកនាំមន្ត្រីធ្វើពិធីពិសាខបូជានៅនៅវត្តសត្ថាធម្មវិហារ(ភ្នំពោន)
កែប ៖ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីរសៀលថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីរាជកាក្រោមឱវាទ ដើម្បីធ្វើពិធីពិសាខបូជាស្ថិតក្នុងវត្តសត្ថាធម្មវិហារ(ភ្នំពោន)នៃភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមការឧបត្ថម្ភពីសំណាក់អាជ្ញាធរខេត្តកែប និងមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមានការចូលរួមបរិច្ចាកជាសម្ភារៈមួយចំនួនដូចជាភេសជ្ជៈពីក្រុមហ៊ុន កាសុីណូសាន់ដេ ក្នុងច្រកទ្វារអន្តរជាតិព្រែកចាកផងដែរ។
ជាមួយនឹងការចូលរួមដ៏សកម្មក្នុងវិស័យសាសនានេះ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ទៅកាន់ពុទ្ធបរិស័ទយ៉ាងដូច្នេះថា ប្រវត្តិសាស្ត្រនិងបទពិសោធន៍កន្លងមកបានបង្ហាញឲ្យឃើញថា វត្តអារាមនិងព្រះសង្ឃមានតួនាទីមួយរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមជាតិប្រដោយចីរភាពនិងសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។លើសពីនេះទៅទៀតវិស័យព្រះពុទ្ធសាសនាក៏មានតួនាទីដ៏សំខាន់មិនអាចខ្វះបានក្នុងការអប់រំ សីលធម៌ ចរិយាធម៌ក្នុងស្រទាប់ប្រជសពលរដ្ឋទូទៅ យុវវ័យនិងសង្គមទាំងមូលទៀតផង ។ រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងន័យនេះរាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់និងកំពុងបន្តនូវសកម្មភាពដ៏ប្រពៃនេះរហូតមកដល់សព្វថ្ងៃ ដើម្បីលើកកម្ពស់ការគោរពប្រណិប័តន៍ ការស្រឡាញ់រាប់អាន ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកទាំងផ្លូវកាយទាំងផ្លូវចិត្ត នៅក្នុងជួរព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទទាំងអស់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសនៅតែបន្តការពារ ការគោរព និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដើម្បីជាកម្លាំងដ៏មានឥទ្ធិពលនៃពុទ្ធសាសនាបានជ្រួតជ្រាបកាន់តែជ្រៅទៅក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូបនិងស្ថិតស្ថេរគង់វង្សជាអមតៈ ស្របតាមបាវចនា”ជាតិ សាសនា ព្រះមហាក្សត្រ”។
ក្នុងឱកាសនោះដែរ ក្រៅពីរៀបចំពិធីពិសាខបូជាអាជ្ញាធរខេត្តក៏បានធ្វើពិធីសុំសេចក្តីសុខចម្រើននៅមុខអាស្រម លោកជំទាវ ផ្កាយព្រឹកផងដែរ។
ដោយឡែក នៅព្រឹកថ្ងៃទី១១ខែ ឆ្នាំដដែល លោកកែន សត្ថា អភិបាលខេត្ត រួមនឹងមន្ត្រីរាជការទូទាំងខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទជិតឆ្ងាយ បានរួបរួមគ្នា រាប់បាតព្រះសង្ឃចំនួន៨២អង្គ ស្ថិតនៅវត្តសត្ថាធម្មវិហារ(ភ្នំពោន) ។ ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានស្ងើចសរសើរដល់គ្រប់មន្ទីរ អង្គភាពជុំវិញខេត្តនិងពុទ្ធបរិស័ទដែលបានចូលរួមដ៏ច្រើនកុះករ ពិសេសលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន១០០០ដុល្លាអាមេរិក ក្នុងការជួយកសាងវត្តអារាមនេះផងដែរ ៕