កម្ពុជានឹងបញ្ជូនក្រុមការងារទៅប្រទេសអាហ្វ្រិកកណ្តាល ដើម្បីពិនិត្យកន្លែងដែលកងទ័ពមួកខៀវកម្ពុជាស្លាប់
សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកមិញ ឯមជ្ឈមណ្ឌលកោះពេជ្រ បានថ្លែងថា នឹងបញ្ជូនក្រុមការងារក្រសួងការពារជាតិ ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីពិនិត្យកន្លែងកើតហេតុ ដែលមានការពើបប្រទះគ្នាដោយអាវុធ ជាមួយក្រុមឧទ្ទាម ដែលបណ្ដាលឲ្យយុទ្ធជនមួកខៀវកម្ពុជា៤នាក់ស្លាប់ កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ ២០១៧ នោះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច នឹងបញ្ជូនក្រុមការងារក្រសួងការពារជាតិទៅកាន់ ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីពិនិត្យកន្លែងកើតហេតុ , តើមានអ្វីកើតឡើងមុនពេលកើតហេតុ។ ជាមួយគ្នាសម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើទៅ អង្គការសហប្រជាជាតិផងដែរឲ្យ ត្រួតពិនិត្យ និងត្រូវទទួលខុសត្រូវ ចំពោះព្រឹត្តិការណ៍វាយប្រហារនោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចបានថ្លែងរំពឹងថា កងកម្លាំងរក្សាសន្តិភាពនៅបណ្តាប្រទេសដទៃទៀត នឹងមិនតក់ស្លុតចំពោះហេតុការណ៍នេះឡើយ ហើយកងកម្លាំងកម្ពុជា នៅតែចូលរួមក្នុងសកម្មភាពរក្សាសុខសន្តិភាព របស់អង្គការសហប្រជាជាតិ ។ ដោយសម្តេចបានលើកឡើងថា កម្ពុជា មិនរាថយ និងមិនតក់ស្លុត ក្នុងកិច្ចការរក្សាសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនោះឡើយ។
ជាមួយគ្នាសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៍បានចាត់ទុកបេសកម្មរបស់យុទ្ធជនកម្ពជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិថា គឺជាមោទនភាពមួយរបស់កម្ពុជា ព្រោះកម្ពុជាមិនត្រឹមតែអាចងើបឈរ និងរំដោះខ្លួនឯងចេញពីភ្លើងសង្គ្រាមនោះទេ តែកម្ពុជាក៏បានចូលរួមស្វែងរកសុខសន្តិភាព នៅលើឆាកអន្តរជាតិផងដែរ៕