ទូតអាមេរិកថា ព្រៃឡង់ ទោះបីមានការកាប់បំផ្លាញខុសច្បាប់ ប៉ុន្តែនៅតែស្រស់បំព្រង
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក ឯកឧត្តម William A. Heidt កាលពីពេលថ្មីៗនេះ អំឡុងចុះទៅកាន់តំបន់ព្រៃឡង់រយៈពេល២ថ្ងៃ បានឲ្យដឹងថា បើទោះបីជាមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នាប៉ុន្មានឆ្នាំមកនេះក្ដី , ប៉ុន្តែព្រៃឈើនៅតំបន់នេះ នៅតែមានសភាពស្រស់បំព្រង ។
ដោយបានធ្វើដំណើរតាមម៉ូតូ និងបោះតង់ស្នាក់នៅកណ្ដាលព្រៃ ឯកឧត្តម William A. Heidt បានលើកឡើងថា “ ព្រៃឡង់ស្ថានភាពព្រៃឈើ នៅកន្លែងនេះនៅតែល្អ ខ្ញុំឃើញថា ឆ្នាំកន្លងមកនេះ មានការកាប់ឈើខុសច្បាប់ , ប៉ុន្តែនៅតែមានដើមឈើច្រើនធំ និងជាទូទៅព្រៃឈើនៅតែមានស្ថានភាពល្អ “ ។
បើតាមឯកអគ្គរដ្ឋទូតអាមេរិករូបនេះថា ស្ថានទូតអាមេរិកបានផ្ដល់ថវិកាសម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍មួយ ដែលគម្រោងនេះនឹងជួយដល់ឧទ្យានុរក្ស ពង្រឹងច្បាប់ព្រៃឈើ និងជួយដល់អ្នកភូមិខ្លះ ដើម្បីបង្កើតសហគមន៍ព្រៃឈើ ។
យោងតាម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅថា ក្រសួងគ្រោង នឹងដាក់ព្រៃឡង់ទំហំប្រមាណ ៣០ម៉ឺនហិកតា ជាតំបន់អភិរក្ស នៅពេលខាងមុខ ។
គួរបញ្ជាក់វថា ព្រៃឡង់មានទីតាំងស្ថិតនៅភាគខាងលិច ទន្លេមេគង្គ លាតសន្ធឹងលើផ្ទៃដីខេត្ដចំនួន៤ គឺក្រចេះ, កំពង់ធំ, ស្ទឹងត្រែង និងព្រះវិហារ ហើយមានប្រជាសហគមន៍ជាង២សែន៥ម៉ឺននាក់រស់នៅ ក្នុងភូមិប្រមាណ៣៤០ជុំវិញ តំបន់ព្រៃឡង់ ៕