គ្រោះថ្នាក់ចរាចរណ៍៣ខែដើមឆ្នាំ២០១៧បង្ករឲ្យមនុស្សស្លាប់តិចជាងឆ្នាំ២០១៦
ខេត្តបាត់ដំបង :៖ ក្នុងខេត្តបាត់ដំបងគ្រោះថ្នាក់ចរាចរណ៍ រយ:ពេល៣ខែ ដើមឆ្នាំ ២០១៧ មាន មនុស្សស្លាប់២៩នាក់និងរបួសធ្ងន់ស្រាលចំនួន៤៥នាក់ តិចជាងឆ្នាំ២០១៦ ។
ឯកឧត្តម ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ថា នៅដើមឆ្នាំ២០១៧កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបងបានកើតឡើងចំនួន៤៥លើក បើធៀបនិង៣ខែចុងឆ្នាំ២០១៦ បានថយចុះ១៣លើកបណ្តាលអោយមនុស្សស្លាប់ចំនួន២៩នាក់ខណ:ឆ្នាំ២០១៦មានមនុស្សស្លាប់ចំនួន៣១នាក់ថយចុះជាងឆ្នាំចាស់២នាក់។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបន្តរថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេល២ឆ្នាំចុងក្រោយនេះ កើតមានជាក្រុមដែលបង្ករឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់ខ្សែក្រវ៉ាត់ការពារ មិនពាក់មួកសុវត្ថិភាពនិងការឡើងជែងដោយប្រថុយប្រថានបង្ករអោយមានអ្នករបួសធ្ងន់ធ្ងរដល់ពិការនិងបណ្តាលអោយបាត់បង់ជីវិតមនុស្សជាមួយការខូចខាតទ្រព្យរដ្ឋ ឯកជនយ៉ាងច្រើន បន្សល់នូវក្មេងកំព្រា ស្ត្រីមេម៉ាយនិងប៉ះពាល់ផលវិបាកជាច្រើនទៀតដល់សង្គមទាំងមូល។
បើទោះជាករណីគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ រួមទាំងអ្នករងរបួសមានការថយចុះខ្លះពិតមែន ក៍គណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់យកថ្ងៃទី៤ ខែមេសា ដែលមានមនុស្សស្លាប់តិចបំផុតត្រឹមម្នាក់កំណត់ធ្វើទិវាសប្តាហ៍ជាតិ ។ ថ្ងៃនេះដែរ ជាការវាយជួងជាថ្មីក្នុងការដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទអោយផ្លាស់ប្តូរឥរិយាបទមានសណ្តាប់ធ្នាប់ មានការអធ្យាស្រ័យអោយគ្នាពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយទុកសោកនិងភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕