នៅខេត្តរតនគិរី ថង់ប្លាស្ទីក២០ ឬសំបកដប១០ អាចដូរបានពងមាន់មួយ
(រតនគិរី)៖ ក្នុងគោលដៅបំផុសចលនាឲ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានរៀបចំឲ្យមានព្រឹត្តការណ៍យកថង់ប្លាស្ទិក សំបកដបទឹកសុទ្ធ យកមកដូរជាមួយពងមាន់នៅតាមសង្កាត់នីមួយៗក្នុងក្រុងបានលុង ក្នុងគោលដៅឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណ្ឌភាព អនាម័យបរិស្ថាន។
សម្រាប់យុទ្ធនាការនេះ លោកអភិបាលខេត្តបានចាត់ឲ្យមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្ត សហការជាមួយសង្កាត់ទាំងបួនក្នុងក្រុងបានលុង រៀបចំព្រឹត្តការដោះដូរពងមាន់ ជាមួយសំរាមដបទឹកសុទ្ធ និងថង់ប្លាស្ទិក។
សំរាមថង់ប្លាស្ទិក និងដបទឹកសុទ្ធទាំងនោះគឺយកប្លាស្ទិកដែលល្អៗ នៅសេសសល់ពីការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឲ្យពួកគាត់ទុកដាក់ឲ្យបានល្អយកកដូរនៅតាមសង្កាត់ទាំងបួន ដោយថង់ប្លាស្ទិក២០ ឬសំបកដបទឹកសុទ្ធ១០ ដូរបានពងមាន់មួយគ្រាប់។
តាមរយៈយុទ្ធនាការនេះ លោកអភិបាលខេត្តសង្ឃឹមថា នឹងអាចកាត់បន្ថយបានការចោលសំរាមពាសវាលពាសកាលរបស់ប្រជាពលរដ្ឋបានមួយកំរិត និងអាចបណ្តុះគំនិតស្រលាញ់បរិស្ថាន និងចូលរួមសំអាតទីក្រុង៕