ឈាង ពិសិដ្ឋ ឬជួប សន្លប់ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌប៉ូលិសជាតិ
ឈាង ពិសិដ្ឋ ដែលជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិហើយ ដោយមានទាំងបញ្ជាតាមចាប់ខ្លួនទៀតផង។
លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍បានថ្លែងថា លោក ឈាង ពិសិដ្ឋ អាចត្រូវដកចេញពីតំណែង ។ លោកបញ្ជាក់ថា លោក ឈាន ពិសិដ្ឋ បានបង្កបទល្មើសព្រហ្មទណ្ឌ ហើយពេលនេះយើងកំពុងតាមចាប់ខ្លួន។
គួររំលឹកថា កាលពីថ្ងៃទី៩ មេសា កន្លងទៅនេះ លោក ឈាង ពិសិដ្ឋ ដែលធ្លាប់មានរឿងអាស្រូវ បានដកកាំភ្លើងបាញ់ទៅលើនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតម្នាក់ទៀត បណ្តាលឲ្យជ្រុះស័ក្តិដែលពាក់នៅលើស្មា ក្រោយនាយរងប៉ុស្តិ៍រូបនោះបានហៅកូនចៅមកសម្របសម្រួលរឿងទំនាស់ពាក្យសម្តី ហើយលោក ឈាង ពិសិដ្ឋ ក៏បានមកជាមួយដែរ។
តាមរបាយការណ៍សមត្ថកិច្ច លោក ឈាង ពិសិដ្ឋ បានដកកាំភ្លើងអាមេបញ្ចូលគ្រាប់ រួចភ្ជង់ និងជេរប្រមាថទៅលើលោក សេម មករា ដែលជានាយរងប៉ុស្តិ៍ បន្ទាប់មកក៏បានបាញ់មួយគ្រាប់ពីក្រោយខ្នង ចំស័ក្តិដាច់ធ្លាក់ពីស្មារខាងឆ្វេង។
ក្រោយការបាញ់រួច លោក ឈាន ពិសិដ្ឋ ក៏បានរត់គេចខ្លួន ហើយបើតាមប្រភពថា លោក ឈាន ពិសិដ្ឋ ប្រហែលឆ្លងដែនគេចខ្លួនទៅប្រទេសថៃបាត់ហើយ៕