ក្រសួងកសិកម្ម បញ្ឈប់ឲ្យនាំចូល និងប្រើប្រាសថ្នាំកសិកម្ម Tricyclazole
(ភ្នំពេញ)៖ ដោយផ្អែកទៅលើសេចក្ដីជូនដំណឹងរបស់សហគមន៍អឺរ៉ុប ដែលដាក់បម្រាមចំពោះការនាំចូលអង្ករមានផ្ទុកសារធាតុ Tricyclazole ដែលបានកម្រិតលើសពី០,០១ មីលីក្រាម ក្នុង១គីឡូក្រាម ទៅកាន់សហភាពអឺរ៉ុបនោះ កាលពីថ្ងៃទី២៧ មីនា ម្សិលមិញ ក្រសួងកសិកម្ម បានចេញបញ្ជា ឲ្យបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ ចែកចាយ ថ្នាំកសិកម្មប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា ។
ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ខ្លួនថា ដើម្បីរក្សាគុណភាព និងធានាសុខមាលភាពសាធារណៈ ក៏ដូចជារក្សានូវកេរ្តិ៍ឈ្មោះ នូវគុណភាពអង្កររបស់កម្ពុជា និងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារអន្តរជាតិនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដូចតទៅ ៖
1. រាល់អ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ទៅលើដំណាំស្រូវ ដែលអាចបន្សល់ទុកនូវសំ ណល់ថ្នាំកសិកម្ម នៅក្នុងអង្ករ ។
2. គ្រប់ក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ការនាំចូលថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ។
3. រាល់អ្នកផ្គត់ផ្គង់ចែកចាយទាំងអស់ ត្រូបញ្ឈប់ការផ្គត់ផ្គង់ចែកចាយ ដល់សាខា ឬដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole។
4. មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះត្រួតពិនិត្យ និងណែនាំ នូវការប្រើប្រាសថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កសិករ ។
5. នាយកដ្ឋាននីតិកម្ម កសិកម្ម ត្រូវបញ្ឈប់ការចុះបញ្ជីកា និងអនុញ្ញាតឲ្យនាំចូលថ្នាំកសិកម្ម ដែលមានសារធាតុ Tricyclazole ។
6. អគ្គនាយកដ្ឋានកសិកម្ម ត្រូវស្រាវជ្រាវបន្ថែម ដើម្បីរកប្រភេទថ្នាំកសិកម្មថ្មី ដែលគ្មានសារធាតុហាមឃាត់មកជំនួសវិញ និងត្រូវបន្តពង្រឹងផ្នែកអនាម័យ និងភូតគាមអនាម័យ ពិសេសសំណល់ថ្នាំកសិកម្មឲ្យបានសមស្របតាមវិធានបច្ចេកទេស មុនអនុញ្ញាតឲ្យនាំចេញអង្ករ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងករណីចាំបាច់ ៕