សមត្ថកិច្ច ៖ ជនបង្កបើករថយន្តបុករះនៅក្បាលថ្នល់ ប្រឈមនឹងស្លាប់ស្ទើរ១០០%
(ភ្នំពេញ)៖ របាយការណ៍បឋមរបស់នគរបាលបានឲ្យដឹងថា អ្នកបើកបរបុករះនៅក្បែរស្ពានក្បាលថ្នល់ កាលពីព្រលប់ថ្ងៃទី២៧ ខែមីនា អាចនឹងស្លាប់ក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះក្បាលផុងលលាដ៍ ទន់ជ្រាយអស់ហើយ ចំណែកឈាម និងទឹកបានជ្រាបចូលក្នុងខួរក្បាលពេញអស់ហើយ។
សូមបញ្ជាក់ថា ជនបង្កមានឈ្មោះ មាស សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ជនបង្កបានបើករថយន្តម៉ាកកាម៉ារីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 ធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍តាមមហាវិថីព្រះមុនិវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងមុខរោងចក្រ គង់ហុង លើមហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានបុករះម៉ូតូចំនួន៧គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ភ្លាមៗនៅហ្នឹងកន្លែង និងមនុស្សជិត១០នាក់ផ្សេងទៀតរងរបួស។
យោងតាមការសន្និដ្ឋានរបស់នគរបាលជំនាញថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺរថយន្តបើកក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍៕