កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩-៣០ ខែមីនា នៅសៀមរាប
ក្រសួងការពារជាតិបានឲ្យដឹងថា កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ គ្រោងនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ នៅឯខេត្តសៀមរាប។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងផ្ដោតទៅលើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសក្នុងការរក្សាសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការ ការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្ដោតសំខាន់លើការទប់ស្កាត់រាល់អំពើអសកម្មមួយចំនួននៅ តាមព្រំដែនរួមមាន បញ្ហារត់ពន្ធគ្រឿងញៀន បញ្ហាប្រឆាំងអំពើភេវរកម្ម បញ្ហាបង្ក្រាបបទល្មើស ឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសពង្រឹងសន្ដិសុខតាមតំបន់ព្រំដែនដែលភាគីទាំងពីរ នឹងពុះពារស្វែងរក ដំណោះស្រាយ និងវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាឱ្យបាននូវស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕