ក្រសួងសុខាភិបាលប្រតិកម្ម ក្រោយ ស្វែង សុជាតា ប្រកាសលក់ថ្នាំផ្តាច់គ្រឿងញៀន
ក្រោយពីមានការផ្សព្វផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ ក្រោមចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រច្បាស់លាស់។
ក្រសួងលើកឡើងថា ការផ្សព្វផ្សាយនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ នៃគ្រឿងញៀន។
ជាមួយគ្នាក្រសួងក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ថា «ប្រសិទ្ធភាព នៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ ការប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាលដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍»។
ក្នុងនោះក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាព នៃឱសថផ្តាច់គ្រឿងញៀននេះ៕