បច្ចេកទេសរំលីងថ្មប្រាសាទនាសម័យអង្គរ ត្រូវតាំងបង្ហាញ និងសម្តែងឡើងវិញនៅសកលវិទ្យាល័យ សូហ្វីយ៉ាប្រទេសជប៉ុន
ពិព័រណ៍រូបភាព និងចម្លាក់សម័យអង្គរត្រូវបានតាំងបង្ហាញក្នុងឱកាសសម្ពោធអាគារថ្មីរបស់សកលវិទ្យល័យសូហ្វីយ៉ា ក្រុងតូក្យូ នាថ្ងៃទី១៦ មីនា ឆ្នាំ២០១៧ កន្លងមកនេះ។ សាកលវិទ្យាល័យសូហ្វីយ៉ា បានរៀបចំទីតាំងសម្រាប់ការតាំងពិព័រណ៍ ហើយក៏បានរៀបចំឲ្យមានការសម្តែងដោយផ្ទាល់របស់កម្មករជំនាញលើកិច្ចការកាត់ និងរំលីងថ្មដើម្បីជួសជុលប្រាសាទ របស់អាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ធ្លាប់បំពេញកិច្ចការនេះអស់រយៈកាលយូរឆ្នាំមកហើយ។
សកម្មភាពសម្តែងនាពេលនេះគឺ ការបង្ហាញពីបច្ចេកទេសរំកិលថ្ម ដាប់ថ្ម និងរំលីងថ្ម ដែលជាសកម្មភាពបង្ហាញឡើងវិញតាមរូបភាពនៃចម្លាក់ដែលបានឆ្លាក់ផ្ទាល់នាជញ្ជាំងប្រាសាទបាយ័ន។ ចំណែកអ្នកជំនាញរបស់ជប៉ុនក៏បានបង្ហាញពីបច្ចេកទេសនៃការដាប់ ចាំងថ្មតាមរបៀបជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាផងដែរ។
លោក ហោ ទុយ លោក ចាម ប្រាណ និងលោក យ៉ត់ យ៉េង ជាកម្មករផ្នែកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា មានទីលំនៅរស់នៅក្នុងឧទ្យានអង្គរផ្ទាល់ពីយូរលង់មកហើយ។ លោកទាំងបីត្រូវបានសាកលវិទ្យាល័យសូហ្វីយ៉ាផ្តល់ឱកាស បានមកសម្តែងបង្ហាញដោយផ្ទាល់ ពីបច្ចេកទេសខ្មែរបុរាណលើការកាត់រំលីងថ្មដើម្បីកសាងប្រាសាទ។ ក្នុងពេលដែលបានបង្ហាញដោយផ្ទាល់ពីរបៀបរំកិលថ្ម និងរំលីងថ្ម នាពេលនេះលោក ហោ ទុយ ជាកម្មករជំនាញលើកិច្ចការនេះផ្ទាល់របស់អាជ្ញាធរជាតិអប្សរាបានបង្ហាញនូវក្តីរីករាយ ដែលប្រជាជនជប៉ុនបានយកចិត្តទុកដាក់ផ្តល់តម្លៃខ្ពស់លើកិច្ចការអភិរក្សមរតកបេតិភណ្ឌជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងសកលវិទ្យាល័យសូហ្វីយ៉ា ដែលផ្តល់ឱកាសដល់រូបលោកក្នុងពេលនេះ។
លោកសាស្ត្រាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្មករនិងអ្នកជំនាញចំពោះកិច្ចការអភិរក្សមរតកបេតិកភណ្ឌនាពេលកន្លងមក លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិអប្សរាចំពោះកិច្ចសហការយ៉ាងល្អ ដែលធ្វើឲ្យបេសកកម្មជួយអភិរក្សអង្គររបស់សកលវិទ្យាល័យសូហ្វីយ៉ាទទួលបានជោគជ័យជាបន្តបន្ទាប់។ ហើយសកម្មភាពក្នុងពេលនេះក៏ជាលទ្ធផលដែលទទួលបានពីកិច្ចសហការយ៉ាងល្អនាពេលកន្លងមកនោះដែរ៕