ក្រសួងរ៉ែ និងថាមពល ចុះពិនិត្យករណីបាក់ស្រុតផ្ទះចូលទន្លេនៅស្រុកស្អាង
កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធការបាក់ស្រុតផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យទីតាំងផ្ទាល់។
បើតាមមន្ត្រីក្រសួងថា ទីតាំងខាងលើមិនមានការធ្វើអាជីវកម្មបូមខ្សាច់នោះទេ ប៉ុន្តែមានការដាក់ទុយោសម្រាប់បូមខ្សាច់ពីសាឡង់ឡើងគោកដែលដឹកមកពីទីតាំងផ្សេង។
ជាវិធានការរបស់ក្រសួង គឺផ្អាកការបូមខ្សាច់ពីសាឡង់ឡើងគោកជាបណ្ដោះអាសន្ន រង់ចាំក្រុមការងារបច្ចេកទេសចុះមកសិក្សាលម្អិតនៅដើមសប្ដាហ៍ក្រោយ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែមីនា ផ្ទះប្រជាពលរដ្ឋប្រមាណជា១០ខ្នង ស្ថិតនៅភូមិកោរគ ឃុំរកាខ្ពស់ ស្រុកស្អាង បានបាក់ស្រុតចូលទៅក្នុងទន្លេ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់នោះទេ។ ករណីនេះ ប្រជាពលរដ្ឋបានចោទប្រកាន់ថា មកពីមានការបូមខ្សាច់នៅក្បែរនោះ ទើបធ្វើឲ្យច្រាំងទន្លេបាក់យ៉ាងដូច្នេះ៕