ឯកឧត្តម លី សារី បានចូលរួមបើកកិច្ចប្រជុំការអនុវត្តច្បាប់ចរាចរណ៍ថ្មីដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង
ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ចរណ៍ផ្លូវគោកថ្មីដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ។ កិច្ចប្រជុំនេះមានការចូលរួម ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី សារី បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរសចរណ៍គឺជាបញ្ហាចំបងខ្លាំងណាស់សំរាប់ខេត្តបន្ទាយមានជ័យនេះ ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់ ពិការ របួស ធ្ងន់ធ្ងរ និងបាត់បង់ទ្រព្យសម្បត្តិច្រើនទៀតផង ។ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីកក្តាជាច្រើន ដូចជាអ្នកបើកបរមួយចំនួនបើកបរទាំងបំពានច្បាប់ បើកបរក្នុងស្ថានភាពស្រវឹង មិនបានពាក់មួកសុវត្តិភាព អ្នកបើករថយន្តមិនបានពាក់ខ្សែក្រវ៉ាត់សុវត្តិភាព ពិសេសលិចធ្លោជាងគេនោះក្រុមក្មេងទំនើងតែងតែបើកបរទាំងបំពានច្បាប់ចរាចរណ៍ពេលខ្លះក្មេងទាំងអស់នោះស្ថិតក្នុងក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀនជាដើម ហើយក្មេងទំនើងទាំងអស់នោះដេញកាប់គ្នាពេញផ្លូវទៀតផង ។
ឯកឧត្តម លី សារី បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមិនសូវមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ អ្នកបើកបរខ្លះបើកបរមិនគោរពច្បាប់ចរាចរណ៍ មានអ្នកបើកបរម៉ូតូខ្លះមិនបានពាក់មួកសុវត្ថិភាព ហើយបើកក្នុងល្បឿនលឿន ដែលច្បាប់ហាមឃាត់ ដឹកសំពីងសំពោង ។ ក្មេងទំនើងចូលចិត្តយកម៉ូតូទៅកែច្នៃខុសបច្ចេកទេស អ្នកបើកមិនបានចូលរៀនបើកបរច្បាប់ចរាចរណ៍ផ្លូវគោក មានលក្ខណៈផ្លូវចង្អៀតដោយសារតែអ្នកលក់ដូរនៅតាមផ្លូវ ខ្វះការយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ ពិសេសទៅទៀតនោះ សព្វថ្ងៃនេះនៅខេត្តបន្ទាយមានជ័យម្តាយឪពុកចូលចិត្តបណ្តែតបណ្តោយឲ្យកូននៅក្មេងមិនទាន់គ្រប់អាយុបើកម៉ូតូជិះយ៉ាងសាហាវធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ដោយសារក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុនេះ ។
ឯកឧត្តម លី សារី បានបញ្ជាក់ទៀតថា កន្លងមកក្រោយពេលដែលមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់ប្រជាពលរដ្ឋ និស្សិត សិស្សសាលា ដូចជានៅតាមសហគមន៍ នៅតាមទីសាធារណៈ នៅតាមវិទ្យាល័យ នៅតាមសាលារៀន ជាដើម ធ្វើឲ្យប្រពលរដ្ឋជាច្រើននាក់មិនទាន់បានយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនៅឡើយ ប៉ុន្តែប្រជាពលរដ្ឋបានគាំទ្រច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ទោះបីយ៉ាងនេះក្តី ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបង្កឡើងដោយសារអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ក្រោមឥទ្ធីពលជាតិគ្រឿងស្រវឹងនៅឡើយ ។
លោកវរៈសេនីយ៍ទោ គី មករា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ដែរថា ក្នុងត្រីមាសទី១ឆ្នាំ២០១៧ដោយគិតចាប់ពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦ដល់ថ្ងៃទី១០ ខែកុ ម្ភៈឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តកើតឡើងចំនួន៥២ករណី ក្នុងនោះ ក្រុងសិរីសោភ័ណ២ករណី ស្រុកព្រនេត្រព្រះ២ករណី ស្រុកមង្គលបូរី៦ករណី ស្រុកស្វាយចេក ៤ករណី ក្រុងប៉ោយប៉ែត ៨ករណី ស្រុកម៉ាឡៃ ៥ករណីស្រុកអូរជ្រៅ៤ករណី ស្រុកថ្មពួក១ករណី គ្រោះថ្នាក់ប្រភេទធ្ងន់មានចំនួន៥០ករណីគ្រោះថ្នាក់ស្រាល២ករណី បណ្តាលឲ្យមនុស្សស្លាប់អស់ចំនួន៣០នាក់ស្រី៤នាក់របួសធ្ងន់៤៩នាក់ របួសស្រាល៣៤នាក់ស្រី៩នាក់ ៕