ក្រោយពីកងរាជអាវុធហត្ថ លើផ្ទៃប្រទេសចុះបង្ក្រាបទីតាំងឈើនៅចំណុច អូរហ៊ុច ចន្លោះស្រុកអូររាំង ទើបដឹងមានមន្ត្រីមួយចំនួនចូលរួមប្រព្រឹត្តបទល្មើស
ខេត្តមណ្ឌលគីរី ៖ ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសឈើ នៅចំណុចប៉ុស្តិ៍ការពារព្រំដែន អូរហ៊ុច ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា និងឃាត់ មនុស្សចំនួន៧នាក់ ( ជនជាតិវៀតណាម៦នាក់ ខ្មែរ១នាក់) ព្រមទាំងដកហូតរថយន្តកែច្នៃ ប្រភេទរ៉េវ ដឹកឈើចំនួន៨គ្រឿងផងនោះ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០១៧កន្លងមករហូតដល់ចុងខែកុម្ភ: ទើបធ្វើឲ្យបែកធ្លាយ រឿងមន្ត្រី ខេត្តមណ្ឌលគីរី មួយចំនួនសុទ្ធតែជាប់ពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើខាងលើ។
ប្រព័ត៌មានពីមន្ត្រីមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី សុំមឹនបញ្ចេញឈ្មោះ បានប្រាប់ឲ្យ អ្នកសាព័ត៌មានដឹងថា៖ ក្នុងរយៈជិតពេញមួយខែនេះ មានសមត្តកិច្ចពាក់ព័ន្ធជាច្រើន ដែលទទួលបាន ផលប្រយោជន៍ ពីបទល្មើសព្រៃឈើ យ៉ាងតិចណាស់ចាប់ពី២០០០០ដុល្លារ ( ពីរម៉ឺនដុល្លារ ) ទៅ១០.០០០០ដុល្លារ ( ដប់ម៉ឺនដុល្លារ ) មានអ្នកខ្លះទៀត អាចទទួលបានពី ២០.០០០០ដុល្លារ ( ម្ភៃម៉ឺនដុល្លារ ) ទៅ៣០.០០០០ ដុល្លារ ( សាមសិបម៉ឺនដុល្លារ ) ផងដែរ។
ក្រុមមន្ត្រីដដែល បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ក្រុមជនជាតិវៀតណាម ទាំង៦នាក់ខ្មែរ១នាក់ មន្ត្រីរាជអាវុធហត្ថបានត្រួតពិនិត្យ រកឃើញឯកសារ មួយចំនួន នៅជាប់នឹងខ្លួន ជនជាតិវៀតណាមទាំងនោះ។ មានដូចជាឯកសារកត់ត្រា រថយន្ដចេញចូលឆ្លងព្រំដែន ប្រទេសទាំងពីរ រួមទាំងឯកសារ ចំណាយក្នុងការរត់ការ បង់ប្រាក់ ឲ្យមន្ត្រីពាក់ព័ន្ធ ស្ទើរគ្រប់លំដាប់ថ្នាក់។
តាមរយៈឯកសារទាំងនោះ បានបង្ហាញថា លោក យិន ចន្ទីមេវិរៈកាពារព្រំដែនគោក លេខ១០៣ គឺជាអ្នកនាំថៅកែជនជាត់វៀតណាម ចូលមកកាប់ឈើ នៅក្នុងខេត្តតែម្តង រួមជាមួយលោក មេកងអនុសេនាតូចទី៣ ក្នុងកងអនុសេនាធំទី២ វិរៈ១០៣ ដែលគ្រប់គ្រងប៉ុស្តិ៍ការពារព្រំដែនជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុកកែវសីមា និងស្រុកអូររាំង។ លោក ឯម ស៊ុងហ៊ួ គឺជាកូនប្រសាររបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរង ខេត្តមណ្ឌលគីរី ។ ចំណែក លោក ឡេង សោភ័ណ្ឌ មេវិរៈកាពារព្រំដែនគោគលេខ៦២១ គឺជាអ្នកសម្របសម្រួល ដល់ការធ្វើចរាចរណ៍ ចេញចូលរថយន្តដឹកឈើខុសច្បាប់ និងជាអ្នកយកលុយប្រចាំខែ រហូតដល់៦០០ដុល្លារ។ មិនតែប៉ុណ្ណោះ លោក ឡេង សោភន្ធ័បានយករថយន្ដបង្កុងផ្ទាល់ខ្លួន ចំនួន៥គ្រឿងផ្សេងទៀត ដើម្បីដឹកជញ្ជូនឈើដែលត្រូវកាប់រំលំរួចហើយ ចំណែក លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរងខេត្តមណ្ឌលគីរី បានបញ្ជាឲ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ឯម សុងហ៊ួ ជាអ្នកទទួលខុសត្រូវរាប់ក្បាលឡាន និងយកថ្លៃក្បាលឡាន ក្នុងក្បាលឡានដឹកឈើ១គ្រឿង លោក ឯម សុងហ៊ួ តម្រូវឲ្យបង់ ៣០០ដុល្លារ ដូច្នេះគ្រាន់តែក្នុងរយៈពេលមួយខែនេះ កូនប្រសារ លោក ឃិន ម៉េងស្រង អាចទទួលបានលុយមិនតិចជាង ៣៥.០០០០ដុល្លារ ( សាមសិបប្រាំម៉ឺនដុល្លារ ) នោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណ:ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីរាជអាវុធហត្ថផ្ទៃប្រទេស ដែលកំពុងបង្ក្រាប ករណីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ចូលទៅក្នុងប្រទេសវៀតណាម បានរកឃើញភស្តុតាងច្រើន ដែលពាក់ព័ន្ធ នឹងការឃុបឃិតគ្នា ជាប្រព័ន្ធនេះ។ លោកបានមានប្រសាសន៍ ទៀតថា ទាហាន និងប៉ូលិស ជាពិសេសមេៗ ទាំងអស់ ប្រាប់ខ្ញុំថា អត់ដឹង។ នៅទីនោះហើយ ឆ្លើយថាមិនដឹង មានតែមិនទទួលខុសត្រូវ មានតែឃុនឃិតគ្នាតែម្តង ។ លោកបានប្រមាណថា មេទាហាន និងមេនគរបាល ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើស អាចប្រឈមនឹង ការដកពីតំណែង ឬអាចរហូតដល់ ផ្ដន្ទាទោសតាមច្បាប់ទៀតផង ។
ពាក់ព័ន្ធករណីខាងលើ អ្នកសាព័ត៌មានមិនអាចស្វែងរកសុំការបំភ្លឺ ពីលោក ឃិន ម៉េងស្រេង នឹងសមត្ថកិច្ចពាក់ព័ន្ធ ខាងលើបានទេថ្ងៃនេះ។ អង្គភាពយើងរង់ចាំការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ៕