កិច្ចប្រជុំស្តីពីលទ្ធផល សមិទ្ធផល និងសក្តានុពលរបស់រដ្ឋបាលខេត្តកែប ជាមួយគណៈកម្មការទី៣នៃរដ្ឋសភាជាតិ
កែប៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងសាលាខេត្តកែប បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីលទ្ធផល សមិទ្ធផលនិងសក្តានុពលរបស់រដ្ឋបាលខេត្តកែបជាមួយគណៈកម្មការទី៣នៃរដ្ឋសភាជាតិៗ
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាននិងធនធានទឹក ហែរហមដោយប្រតិភូអមដំណើរនិងឯកឧត្តម ទេព យុទ្ធី អភិបាលស្តីទីនៃគណៈអភិបាលខេត្តកែប រួមទាំងអភិបាលរងខេត្តជាច្រើនរូប ក៏ដូចជាមន្ទីរ គ្រប់ស្ថាប័នពាក់ព័ន្ធផងដែរ។
យោងតាមរបាយការណ៍ដែលទាក់ទងនឹងលទ្ធផលការងារក៏ដូចជាសមិទ្ធផលដែលរដ្ឋបាលខេត្តកែបទទួលបាននាពេលកន្លងមកព្រមជាមួយនឹងសក្តានុពលដែលផ្តោតភាពសំខាន់លើវិស័យទេសចរណ៍ជាអទិភាពនោះ ពិតជាមោទនភាពមួយធ្វើឱ្យគណៈកម្មការទី៣នៃរដ្ឋសភាយល់ស្របនិងទទួលយកបានទាំងស្រុង ។ ក្នុងនោះដែរ ឯកឧត្តម ប៉ុល ហំម ដែលមានងាជាប្រធានគណៈកម្មការរបស់គណបក្សសង្គ្រោះជាតិក៏បានលើកលើងខ្លះៗពីបញ្ហាព្រំដែនទឹក ប៉ុន្តែទោះជាយ៉ាងណាការឆ្លើយតបហាក់មានភាពសីុចង្វាក់ ព្រោះការផ្ទៀងផ្ទាត់វាពិតជាមានភាពត្រឹមត្រូវដែលអាចទទួលយកបានទាំងស្រុង ដោយចាត់ទុកថា កិច្ចប្រជុំនេះពិតជាទទួលបានផលវិជ្ជមានផងដែរ ។
ទាក់ទងនឹងកិច្ចប្រជុំដដែលនេះ គេសង្ឃឹមយ៉ាងមុតមាំថា ទោះជាថ្នាក់ដឹកនាំមកពីគណបក្សបក្សនយោបាយណាក៏ដោយ សំខាន់គឺការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលនិងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិឱ្យមានភាពរីកចម្រើនស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មការទី៣នៃរដ្ឋសភា ដែលដឹកនាំដោយលោកប៉ុល ហំម ត្រូវចុះបំពេញបេកកម្មចំនួន៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៧ដែលមានចំនួន៣ខេត្ត រួមមាន ខេត្តកោះកុង ព្រះសីហនុ និងកែប។
ដោយឡែក នៅរសៀលថ្ងៃដដែលនេះ រដ្ឋបាលខេត្តកែប ដឹកនាំដោយ ឯកឧត្តម ទេព យុទ្ធី អភិបាលរងខេត្ត បានចូលរួមផ្សព្វផ្សាយ ទិវាទីក្រុងស្អាត ដោយលើកជាប្រធានបទ រួមគ្នាអនាម័យ ដើម្បីឱ្យមានផាសុខភាព ។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងតំបន់ មន្ទីរស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមអាជីវករផងដែរ៕