ឈើធ្នង់១៤៦ដុំនិងរថយន្តសាំងយ៉ុងពីរគ្រឿងត្រូវដកហូតជាសម្បត្តិរដ្ឋ
ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៦ គុម្ភ: ឆ្នាំ២០១៧កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកខេត្តបានធ្វើការបង្ក្រាបរថយន្តដឹកឈើប្រណីតពីរគ្រឿងនៅក្បែរគល់ស្ពានសេកុង ស្ថិតក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
អាវុធហត្ថអោយដឹងថាការបង្ក្រាបរថយន្តដឹកឈើខាងលើកម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានស្រុកសៀមប៉ាងនិងមូលដ្ឋានស្រុកសេសាន ដែលមានកម្លាំងចំនួន៥នាក់ ប្រើប្រាស់រថយន្តពីរគ្រឿង អាវុធ២ដើមក្រោមការដឹកនាំដោយលោកវរៈសេនីយ៍ត្រី ព្រំ វណ្ណៈ មេបញ្ជាការមូលដ្ឋានស្រុកសៀមប៉ាង បង្ក្រាបឈ្មួញដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឃាត់រថយន្ត ២គ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២S.៧៨៥៨និងមួយគ្រឿងទៀតពាក់ស្លាកកំពង់ចាម ២.A៦៣៨៦។ប្រភពដដែលបន្តថារថយន្តដឹកឈើប្រណីតខាងលើមកពីស្រុកសៀមប៉ាងឆ្លងកាត់ទីរួមខេត្តតែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបនៅចំណុចកើតហេតុខាងលើ។អាវុធហត្ថបន្ថែមថាស្ថិតក្រោមការបង្ក្រាបរថយន្តខាងលើមិនបានឃាត់ជនពាក់ព័ន្ធណាម្នាក់ទេដោយសារក្នុងប្រតិបតកតិការបង្ក្រាបក្រុមអ្នកពាក់ព័ន្ធទាំងនោះឈប់រថយន្តរត់គេចខ្លួនពីកម្លាំងបង្ក្រាបមុនពេលឈប់រថយន្តតាមឃាត់នោះ។
ក្រោយការបង្ក្រាបរថយន្តខាងលើកម្លាំងសហការទាំងអស់បាននាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្ទឹងត្រែងរក្សាទុកលុះព្រឹកឡើងថ្ងៃទី១៧កុម្ភៈកម្លាំងកងរាជអាវុធហត្ថបានធ្វើបែបបទប្រគល់វត្ថុតាងទាំងនោះជូនជំនាញេដ្ឋបាលព្រៃឈើថែក្សារ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើអោយដឹងថាវត្ថុតាងដែលទទួលបានពីកម្លាំងកងរាជអាវុធហត្ថរួមមានឈើប្រណីតប្រភេទធ្នង់សរុបចំនួន១៤៦ដុំ នៅមិនទាន់បានធ្វើការវាស់វែងនៅឡើយ ។ បច្ចុប្បន្ន វត្ថុតាងស្ថិតក្រោមការថែរក្សាដោយរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕