បាក់ស្ពានដែកបាឡេ កោះស្លា ព្រោះរថយន្តដឹកឈើ
ខេត្តកំពត ៖ នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតុឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីរបាក់ស្ពានកោះស្លាបង្កដោយរថយន្តយីឌុប១គ្រឿងពាក់ស្លាក់លេខភ្នំពេញ 3B-5745 បានដឹកឈើប្រណិតលេខ ១ ឆ្លងកាត់ភូមិសាស្ត្រផ្លូវជាតិលេខ៤៣ ត្រង់ចំណុចគីឡូម៉ែត្រ៤១ ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
បើតាមប្រភពអោយដឹងពីប្រជាពលរដ្ឋនៅភូមិខាងលើបានអោយដឹងថា រថយន្តយីឌុបនេះបានផ្ទុកឈើជាច្រើនម៉ែត្រគុបរត់មកដល់ស្ពានកោះស្លា បើកបំរុងឆ្លង មិនទាន់បានពាក់កណ្តាលស្ពានផង ក៏បាក់ស្រុត បានបណ្តាអោយឈើនៅលើរថយន្តរអិលធ្លាក់ចុះ ទៅក្រោមស្ពានទាំងអស់ ។
ភ្លាមៗនោះ កម្លាំងការពារតាមគោលដៅបានរាយការណ៍ជូនលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បន្ទាប់ពីបានដឹងដំណឹងភ្លាមៗនោះ លោកអភិបាលស្រុកក៏បានរាយការណ៍ជូនបន្តទៅខណ្ឌ័រដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ក៏បានដឹកនាំកម្លាំងចុះមកត្រួតពិនិត្រ ព្រមទាំងលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។
សូមបញ្ជាក់ផងដែរថា ទីតាំងដែលបាក់ស្ពានដែកម៉ាឡេនេះ មានប្រវែង៦០ម៉ែត្រកម្ពស់ជាង១០ ម៉ែត្រ ត្រូវបានខូចខាតស្ទើពាក់កណ្តាលទៅហើយ ។
បើតាមប្រភពពីសមត្ថកិច្ច បានដឹងបន្តថា មុនកើតហេតុ គេបានឃើញរថយន្តនាំផ្លូវរថយន្តបង្កខាងលើ ក្រោយពីបាក់ភ្លាមៗនោះ ក្រុមអ្នកកាងឈើងខាងលើបាត់ស្រមោលគ្មានសល់មួយនាក់ឡើយ ។
គួរបញ្ជាក់ផងដែរ តំបន់ទឹកដីកោះស្លានេះ គឺជាប្រភពនាំឈើប្រណិត និងឈើគ្រឿងប្រភេទលេខ ២ និងលេខ ៣ ជាច្រើន បានធ្វើចរាចរណ៍ឆ្លងកាត់ស្ទើរាល់យប់ទៅហើយ មិនដែលឃើញមានចំណាត់ការណាមួយពីមន្ត្រីពាក់ព័ន្ធទាំងនោះឡើយ ។
ករណីបង្កធ្វើអោយបាក់ស្ពាននេះគឺជាលើកទី០២ ដែលបានបង្កដោយក្រុមឈ្មួញរកស៊ីឈើ ទោះបីសម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រមានយ៉ាងណាក៏ដោយ ក៏នៅមានមន្ត្រីថ្នាក់ក្រោមនៅតែបន្តឃុបឃិតជាមួយឈ្មោះស្រែកឃ្លានដុល្លារ នៅតែប្រព្រឹត្តដដែល ៕