នៅសាលាខេត្តប៉ៃលិនមានពិធីប្រកាសតែតាំងចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនថ្មី ជំនួសលោកជំទាវ សោ មុន្នីរ័ត្ឋ ដែលត្រូវទទួលបានភារកិច្ចថ្មីជាអភិបាលរងខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានការរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម សួស គង់ និង ឯកឧត្តម ទ្រីម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ជាច្រើនរូប។
តាមសេចក្តីប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លេខ២៥៤ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសំរេចតែងតាំងលោក ពេជ្រ សំបូរ អតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មកជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ជំនួសលោកជំទាវ សោ មុន្នីរ័ត្ន ដែលត្រូវទទួលបានភារកិច្ចថ្មី ជាអភិបាលរងខេត្តប៉ៃលិន។
លោក ពេជ្រសំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលទើបតែងតាំងថ្មីបានមានប្រសាសន៍ប្តេជ្ញាចិត្តថា ៖
ទី១នឹងយកអស់កំលាំង កាយប្រាជ្ញាដើម្បីបំពេញភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទនិងសាលាខេត្តប៉ៃលិនក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលក្រោមមគ្គុទេសដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តនិង ប្រជាពលរដ្ឋ ដើម្បីបង្កើនភាពរឹងមាំប្រសិទ្ធភាពការងាររបស់អង្គភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
ទី៣ ខិតខំគៀងគរ ពង្រឹងកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ជនបទ និងផ្នែកឯកជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីពន្លឿនកិច្ចការអភិវឌ្ឍន៍ តាមទិសដៅសាលាខេត្តប៉ៃលិន អោយកាន់តែមានសន្ទុះខ្លាំងក្លាមួយកំរិតថែមទៀត។
ទី៤ បន្តអនុវត្តអោយបានសសម្រេចតាមផែនការរបស់ក្រសួង និងសាលាខេត្តដែលបានដាក់ចុះ ពិសេសជំរុញការអនុវត្តកម្មវិធី ការប្រើប្រាស់ថវិកាជាតិប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៕
ដោយ ៖ ស សារឿន