(កំពត)៖ អគារសិក្សា១ខ្នងមាន៤បន្ទប់ និងបណ្ណាល័យសាលាបឋមសិក្សាស្រែព្រីង ក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងែទី០៧ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមាន លោកសឹុម វុទ្ធា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត។ពិធីនេះរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត ដោយមានការឧបត្ថម្ភគាំទ្រពី អង្គការ Sipar ឧកញ៉ា លីអ៊ាង និងអង្គការពុទ្ធិកបណ្ណាល័យកម្ពុជា និងក៏មានការចូលរួមផងដែរពីសំណាក់ អស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំង២ភេទ។លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានឲ្យដឹងថា៖ សាលាបឋមសិក្សាស្រែព្រីង ស្ថិតក្នុងភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត គឺជាប់តំបន់តាកែនកោះស្លា ស្រកានាគ ដែលជាទីតាំងមួយប្រកបដោយព្រៃឈើស្មុគស្មាញបំផុត ជាកន្លែងប្រជាជនសង់លំនៅដ្ឋានថ្មី ហើយស្ថិតនៅដាច់ឆ្ងាយពីសាលារៀននានា។លោកបានបញ្ជាក់ថា៖ រហូតដល់ថ្ថៃទី២៣ខែសីហា ឆ្នាំ២០០៤ ការិយាល័យអប់រំស្រុកក៏បានធ្វើការទំនាក់ទំនង ជាមួយអង្គការ UNESCOដើម្បីបង្កើតសាលារៀនក្រៅប្រព័ន្ធមួយ ក្រោមកំលាំងសាមគ្គីរបស់អាជ្ញាធរដែនដី សហគមន៍បានសង់អគារ សិក្សាមួយខ្នងអំពីកូនឈើប្រក់ស្បូវមានបីបន្ទប់ ដោយប្រមូលកុមារឲ្យចូលរៀនបានចំនួន១៥៨នាក់ ស្រី៦៧នាក់។ លុះដល់ឆ្នាំ២០០៥-២០០៦សាលារៀននេះក៏ត្រូវបញ្ចូលទៅក្នុងក្របខណ្ឌរដ្ឋជាផ្លូវការ ដែលមានសិស្សចូលរៀនចំនួន២៤១នាក់ ស្រី១១២នាក់ និងគ្រូក្របខណ្ឌរដ្ឋចំនួន៣នាក់ នាយកសាលាគឺលោក ញ៉ែម ដៀង។លោកបានបន្តថា ដោយសារបច្ចុប្បន្នចំនួនសិស្សចេះតែកើនឡើងឥតឈប់ឈរ អង្គការពុទ្ធិកបណ្ណាល័យកម្ពុជាបានសាងសង់អគារសិក្សា១ខ្នងមាន១បន្ទប់សម្រាប់ដាក់បណ្ណាល័យ។បន្ទាប់មក ក្នុងឆ្នាំសិក្សា២០១៣-២០១៤ដោយឃើញពីភាពខ្វះខាត អគារសិក្សា ហើយសិស្សកាន់តែកើនឡើងរហូតបែបនេះ នៅថ្ងៃទី ២៥ខែមេសា ឆ្នាំ២០១៧ អង្គការ សីុប៉ា(Sipar)ឧកញ៉ា ហៃ លីអ៊ាង និងអង្គការពុទ្ធិកបណ្ណាល័យកម្ពុជាបានសាងសង់អគារ១ខ្នងមាន៤បន្ទប់ដែលមានបណ្តោយ៣២ គុណនឹង៩ម៉ែត្រ ធ្វើអំពីបេតុង ដំបូលប្រក់ក្បឿង មានបំពាក់ ដោយសម្ភារៈសិក្សាគ្រប់ប្រភេទ ដោយចំណាយថវិកាសរុបចំនួន៥៦.០៦៨ដុល្លា អាមេរិក ហើយអគារសិក្សានិងបណ្ណាល័យនេះ ត្រូវបានបញ្ចប់ការសាសង់នៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៧។មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកសឹុម វុទ្ធា អភិបាលរងខេត្តកំពត បានបញ្ជាក់ថា៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង ស្មើនឹងបួនបន្ទប់និងបំពាក់សម្ភារៈ សង្ហារឹមជូនបណ្ណាល័យ ជូនសាលាបឋមសិក្សាស្រែព្រីង នាពេលនេះពិតជាមានសារសំខាន់ណាស់ ក្នុងការរួមចំណែកដោះបន្ទុកចំណាយមួយផ្នែករបស់មាតាបិតាសិស្សដែលមានជីវភាពក្រីក្រ បន្ទុកចំណាយរបស់សហគមន៍ អាជ្ញាធរដែនដី មន្ទីរអប់រំ និងក្រសួងអប់រំ ក្នុងការអភិវឌ្ឍសាលារៀនដើម្បីមានលទ្ធភាពគ្រប់គ្រាន់ថែមទៀតក្នុងការរក្សានូវនិរន្តរភាព ភាពគង់វង្សនៃការសិក្សារបស់សិស្សានុសិស្សដើម្បីពង្រឹងអត្រាឡើងថ្នាក់របស់សិស្សានុសិស្ស ហើយកាត់បន្ថយអត្រាត្រួតថ្នាក់និងអត្រាបោះបង់ការសិក្សា របស់សិស្ស ឲ្យបានស្របតាមចំណុចដៅរបស់ក្រសួងអប់រំ ព្រោះថាសាលាដែលមានសម្ភាររូបវ័ន្តសម្រាប់បម្រើឲ្យការសិក្សាបានគ្រប់គ្រាន់នោះ សិស្សានុសិស្សនឹងទទួលបានសេវាអប់រំគ្រប់ៗគ្នាប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងទិសដៅឆ្លើយតបនឹងគោលនយោបាយ អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។បន្ទាប់ពីសំណេះសំណាល គណៈអធិបតី ក៏បានបំពាក់គ្រឿងឥស្សរយសដល់សប្បុរសជន ជាតំណាងអង្គការនានាដែលបានចូលរួមសហការកសាងអគារសិក្សានិងបណ្ណាល័យ នៃសាលាបឋមសិក្សាស្រែព្រីង ស្ថិតក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ