(កំពត)៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ សម្រាប់ខេត្តកំពត កែប កោះកុង និងព្រះសីហនុ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមាន លោកស៊ុក សារ៉ាដ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងអស់លោកជាមន្ត្រីមកពីមន្ទីរអង្គភាពជំនាញ ក្នុងខេត្តកំពត កែប កោះកុង និងព្រះសីហនុផងដែរ។លោក មាស សុខសេនសាន អគ្គលេខាធិការរង(អ.គ.ហ)បានឲ្យដឹងថា៖ទាក់ទិននឹងការកែទម្រង់នាពេលនេះ គឺមាន៣ទម្រង់ដែលត្រូវយកមកអនុវត្តរួមគ្នា គឺការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។លោកបានបញ្ជាក់ថា៖ ការឈានមកដល់ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣ គឺការដាក់ចេញនិងជំរុញអនុវត្តកិច្ចការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធរណៈ ដោយឈរលើហេតុផលនិងវិចារណភាពច្បាស់លាស់ ប្រកបដោយភាពម្ចាស់ការ និងវីរភាព។លើសពីនេះ រាជរដ្ឋាភិបាលបានចាត់ទុកការងារកែទម្រង់ ជាការងារប្រចាំថ្ងៃរបស់យើង ដែលយើងត្រូវតែបន្តកែលម្អ ពង្រឹង និងធ្វើឲ្យកាន់តែសុីជម្រៅ ខណៈដែលយើងត្រូវបង្កើននិងពង្រីកសមត្ថភាព ដើម្បីប្រើប្រាស់ឲ្យបានកាន់តែប្រសើរបំផុតនូវសក្តានុពលនិងកាលានុវត្តភាពទាំងឡាយ ក្នុងគោលដៅតាមឲ្យទាន់សភាពការណ៍ និងដំណើរវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចនិងនយោបាយ ទាំងក្នុងក្របខណ្ឌប្រទេស ក្របខណ្ឌតំបន់ និងក្របខណ្ឌសកលលោក។លោកស៊ុក សារ៉ាដ អភិបាលរងខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងដាក់ឲ្យអនុវត្តនូវដំណាក់កាលទី៣ គឺ"ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ"ដោយបានបោះជំហានដ៏សំខាន់ថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធ"ថវិកាកម្មវិធី"ពេញលេញនិងជាជំហានៗ ទៅតាមក្រសួង- ស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងគោលដៅសម្រេចឲ្យបាននូវការប្រែក្លាយពី"ប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ"ទៅជា"ប្រព័ន្ធថវិកាផ្តោតលើលទ្ធផលឬធាតុចេញ និងវិមជ្ឈការ"នៅឆ្នាំ២០២០។ជំហានបន្ទាប់ តាមការគ្រោងទុកចាប់ពីឆ្នាំ២០២០រាជរដ្ឋាភិបាលនឹងបន្តពង្រីកការអនុវត្តប្រព័ន្ធថវិកាកម្មវិធី ផ្តោតលើធាតុចេញឬលទ្ធផល ឆ្ពោះទៅរក"ការបង្កើតគណនេយ្យ-ភាពសមិទ្ធកម្ម"នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល ឲ្យសម្រេចបាននៅឆ្នាំ ២០២៥ ដែលជាគោលដៅចម្បងក្នុងដំណាក់កាលចុងក្រោយ នៃកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។លោកបានសង្កត់ធ្ងន់ថា៖ សិក្ខាសាលានេះ មានគោលដៅបង្កើនការយល់ដឹង ការគាំទ្រនិងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញថ្នាក់ក្រោមជាតិក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។ក្នុងស្មារតីនេះ ការយល់ដឹង និងការចូលរួមចំណែករបស់មន្ត្រីថ្នាក់ក្រោមជាតិ លើការងារកែទម្រង់ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ធានាបាននូវចីរភាពនៃការអភិវឌ្ឍប្រទេសជាតិ។ ជារឿយៗ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែប្រៀបធៀបការអនុវត្តកម្មវិធីកែទម្រង់នេះ ទៅនឹងដំណើរឆ្លងស្ទឹងដែលយើងចាំបាច់ត្រូវដើរមួយជំហានម្តងៗនិងត្រូវស្ទាបស្ទង់ដោយសន្សឹមៗ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងខ្លួនយើងពីការធ្លាក់លង់ក្នុងទឹកជ្រៅ។អភិក្រមនេះទាមទារឲ្យយើងមានសេចក្តីក្លាហាន និងការប្តេជ្ញាខ្ពស់ដើម្បីបន្តដំណើរទៅមុខ តាមគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រនិងផែនការសកម្មភាពច្បាស់លាស់និងប្រទាក់ក្រឡាគ្នា។នៅក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រាជរដ្ឋាភិបាលត្រូវប្រមូលធនធានទាំងទម្រង់ជាពន្ធ និងមិនមែនពន្ធហើយបែងចែកឡើងវិញក្នុងទម្រង់ជាការចំណាយប្រតិបតិ្តការនិងចំណាយវិនិយោគ។ការប្រមូលធនធានរបស់រដ្ឋ គឺមានបច្ច័យដោយផ្ទាល់ទៅលើប្រជាជន ចំណែកការចំណាយទៅវិញ គឺត្រូវធានាឲ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រជាជនវិញ។ក្នុងន័យនេះ ថវិកានឹងត្រូវដើរតួនាទីជាឧបករណ៍គោលនយោបាយក្នុងការបម្រើឧត្តមប្រយោជន៍យ៉ាងពិតប្រាដជូនប្រជាជាតិទាំងមូល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ