(កែប)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ត្រូវបានប្រារព្វឡើងនៅក្នុងសាលប្រជុំមន្ទីរសុខាភិបាលខេត្តកែប កាលពីព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប និងអស់លោកជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញនានា អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអ្នកផ្ទុកជំងឺអេដស៍ចូលរួមចំនួន២០នាក់ផងដែរ។លោកម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី ០១ខែធ្នូ ទូទាំងពិភពលោក ដោយចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៨៨ ឯឆ្នាំ២០១៧នេះ គឺជាទិវាលើកទី៣០សម្រាប់ពិភពលោកទាំងមូល។ទិវានេះគឺត្រូវបានគេកំណត់ថា ជាឱកាសមួយដែលបង្ហាញពីការប្រយុទ្ធរួមគ្នា និងការរីករាលដាលនៃមេរោគអេដស៍របស់ប្រជាពលរដ្ឋលើសកលលោក និងការបង្ហាញផងដែរពីការគាំទ្រ ចំពោះអ្នករស់នៅជាមួយជំងឺអេដស៍ រួមទាំងការចូលរួមមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់ដោយសារជំងឺអេដស៍។នៅកម្ពុជា ទិវានេះត្រូវបានរៀបចំផងដែរក្នុងគោលបំណងដូចគ្នា ហើយបានចាប់ផ្តើមលើកដំបូងនៅឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០១៧នេះ គឺជាទិវាលើកទី២៥ហើយ។លោកបានបញ្ជាក់ផងដែរថា៖ ការរៀបចំទិវានេះ នៅកម្ពុជា មិនត្រឹមតែរៀបចំក្នុងគោលបំណងចូលរួមជាមួយនឹងពិភពលោកទាំងមូលប៉ុណ្ណោះទេ គឺជាទិវាមួយដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជាទូទៅដែលធ្លាប់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង២ទស្សវត្សកន្លងមកនេះ ដោយសារការរីករាលដាលនៃមេរោគអេដស៍។ក្នុងឱកាសនេះ លោកកែន សត្ថា អភិបាលខេត្តកែប បានថ្លែងសន្ទរកថារបស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹង"សេចក្តីថ្លែងការណ៍ថ្មី ស្តីពីការសម្រេចចិត្តជានយោបាយក្នុងការឈានទៅបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០"ដោយលោកបានបញ្ជាក់ថា៖យុទ្ធនាការប្រយុទ្ធនឹងជំងឺអេដស៍គឺនៅតែអទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ជាពិសេសគឺកម្ពុជាបានបង្ហាញច្បាស់អំពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥តែប៉ុណ្ណោះ។ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជានឹងបន្តពិនិត្យលទ្ធភាពក្នុងការបង្កើតនូវធនធានថវិកាជាតិឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ ក្នុងការពង្រីកអត្រាគ្របដណ្តប់ទៅលើភូមិសាស្ត្រ នៃក្រុមគោលដៅ និងទៅលើសេវាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានលឿនបំផុតតាមអ្វីដែលអាចធ្វើទៅបាន។ចុងបញ្ចប់ លោកអភិបាលខេត្តកែប ក៏បាន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន។លោកថា៖បើមានយើងប្រព្រឹត្តគ្រឿងញៀន ជៀសមិនផុតគឺត្រូវតែឆ្លងមេរោគអេដស៍ជាមិនខានឡើយ ព្រោះមេរោគអេដស៍ វាអាចចម្លងតាមការប្រើម្ជុលរួមគ្នារវាងម្នាក់ទៅម្នាក់ ហើយក៏អាចរាលដាលពាសពេញផ្ទៃប្រទេសនិងពេញពិភពលោកតែម្តង។នៅខណៈនោះលោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកា ដល់អ្នកផ្ទុកជំងឺអេដស៍មួយចំនួន ហើយក៏បានដាស់តឿនដល់បងប្អូនដែលរស់នៅជាមួយជំងឺអេដស៍នេះ កុំអស់សង្ឃឹមអី ត្រូវខិតខំថែរក្សាជីវិត រក្សាសុខភាព និងបន្តអាជីពការងារដូចពលរដ្ឋឯទៀតដែរ៕ ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ