កិច្ចប្រជុំ ពិគ្រោះយោបល់ ស្ដីពីការលើកកម្ពស់ ការអនុវត្តទឹកស្អាត និងអនាម័យតាមសាលារៀននៅខេត្តកំពត
កំពត ៖ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍្ត ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពតបានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការលើកកម្ពស់ការអនុវត្តទឹកស្អាត និងអនាម័យតាមសាលារៀន។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំយុវជននិងកីឡា និងលោក ស៊ឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្ត និងមានសមាជិកចូលរួមពី ក្រុមប្រឹក្សានិង គណៈអភិបាល ក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិ សង្គមស៉ីវិលនិងក្រុមហ៊ុនមួយចំនួនក្នុងខេត្តកំពតផងដែរ។
ជាទូទៅគោលបំណងរួមនៃកិច្ចប្រជុំគឺផ្ដោតសំខាន់រួមគ្នាពិភាក្សា ជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពតស្ដីពីការលើកទឹកចិត្តនិងការលើកកម្ពស់ការប្រតិបត្តិទឹកស្អាត និងអនាម័យល្អ នៅតាមសាលារៀនក្នុងក្រុង ស្រុកនីមួយៗឲ្យបានល្អប្រសើរថែមទៀត។ មិនតែប៉ុណ្ណោះអង្គប្រជុំបានឆ្លុះបញ្ចាំងពីភាពរីកចម្រើន នៃការអនុវត្តកម្មវិធីសុខភាពសិក្សានៅតាមសាលាសាធារណៈ គ្រប់កម្រិតនៅក្នុងឆ្នាំសិក្សាកន្លងទៅសំដៅជំរុញធ្វើឲ្យមានកិច្ចសហការល្អ រវាងសាលារៀននិងអ្នកពាក់ព័ន្ធព្រមទាំងចែករំលែកការអនុវត្តល្អៗ និងកំណត់បញ្ហាប្រឈមនៃការអនុវត្តកម្មវិធីនៅតាមសាលារៀនដើម្បីលើកទិសដៅអនុវត្តបន្តទៀត។
លោក ស៊ឹម វុទ្ធា តំណាងលោក ចាន់ចេស្ដា អភិបាលខេត្តបានមានមតិថ្លែងអំណរគុណនិងកោតសរសើរព្រមទាំងបាន វាយតម្លៃខ្ពស់នៃការងារអនុវត្តកម្មវិធីសុខភាពសិក្សានៅតាមសាលារៀនកន្លងមកក្នុងខេត្តដែលបានលទ្ធផលល្អប្រសើរ ដែលលទ្ធផលទាំងនេះបានកើតចេញពីការប្ដេជ្ញាចិត្តខ្ពស់និងការខិតខំសហការរួមគ្នាមិនអាចខ្វះបានពីបណ្ដា អង្គការដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សង្គមស៉ីវិល និងសប្បុរសជននានាជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល។
ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការគាំទ្រផែនការរួមគ្នាសម្រេចភារកិច្ចដែលកន្លងមកនៅមិនទាន់យល់ច្បាស់ ដើម្បីយកទៅអនុវត្តនូវកម្មវិធីនេះដែលជាកម្មវិធីរាជរដ្ឋាភិបាល។លោកបានបញ្ជាក់ថា៖ការងារទាំងនេះ ក៏ត្រូវប្រើប្រាស់បែងចែកកញ្ចប់មូលនិធិរបស់ខ្លួនដើម្បីជំរុញឲ្យផែនការនេះទទួលបានកាន់់តែប្រសើរឡើងនិងជោគជ័យបន្ថែមទៀត។
លោក ពុត សាមិត្ត បានមានប្រសាសន៍ថា៖ វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់់ការអភិវឌ្ឍជាតិ ។ជាទូទៅ ដោយមើលឃើញពីសារៈសំខាន់នេះ កន្លងមកក្រសួងអប់រំយុវជននិងកីឡា ក៏ដូចរាជរដ្ឋាភិបាលតែងបានធ្វើការកំណែទម្រង់ ជាបន្តបន្ទាប់ទៅតាមប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើនរបស់់ប្រទេសជាតិយើង។ ដោយក្នុងនោះបានរួមចំណែកយ៉ាងសកម្មក្នុងការ លើកកម្ពស់សុខភាពនៅតាមសាលារៀន ក្នុងគោលបំណងពង្រឹងសេវាសុខភាពតាមសាលារៀន ដូចជាការអប់រំបង្កាជម្ងឺឆ្លង ជម្ងឺមិនឆ្លង សុវត្ថិភាព និងសុខមាលភាព ចំណីអាហារ អាហារូបត្ថម្ភ ការពង្រឹងបរិស្ថានសិក្សា ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពទឹកស្អាត និងអនាម័យល្អនៅតាមសាលារៀនដូចដែលប្រធានបទនៃកិច្ចប្រជុំនាពេលនេះបាននឹងកំពុងរួមគ្នាពិភាក្សាយ៉ាងយកចិត្តទុកដាក់។
លោក ពុត សាមិត្តក៏បានផ្ដាំផ្ញើដល់សមាជិកកិច្ចប្រជុំដែលជាអ្នកពាក់ព័ន្ធទាំងអស់ សូមឲ្យមានការចូលរួមគាំទ្រសហការអនុវត្តនូវផែនការកម្មវិធីនេះឲ្យបានជាក់លាក់ថែមទៀត។ពិសេសពីបញ្ហាទឹកស្អាត និងអនាម័យនៅតាមសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ហើយកិច្ចការនេះដើម្បីជាយន្តការស៉ីជម្រៅតទៅមុខទៀតក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ សំដៅធ្វើយ៉ាងណាជម្រុញដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី មានសុខភាពល្អទទួលបានចំណេះដឹងប្រកបដោយរាងកាយមាំមួន ក្លាយជាពលរដ្ឋមួយយ៉ាងសកម្មចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែល្អប្រសើរទៅអនាគត។
សូមជម្រាបថា ៖ បើយោងតាមរបាយការណ៍ឲ្យដឹងពីវឌ្ឍនភាពរីកចម្រើនលើវិស័យអប់់រំក្នុងខេត្តកំពត នាពេលកន្លងមក ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការចូលរួមជំនួយឧបត្ថម្ភពីអង្គការដៃគូពាក់ព័ន្ធនានាផងដែរ ហើយការអនុវត្តកម្មវិធីសុខភាពសិក្សា ក្នុងស្ថានភាពទឹកស្អាត និងអនាម័យតាមសាលារៀននេះ ធ្វើឲ្យការប្រតិបត្តិនៅតាមសាលារៀនក្នុងខេត្តកំពត ពិតជាមានភាគរយខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ៕