កម្មករសំណង់សង់លំនៅឋានក្នុងដីឡូមួយកន្លែងប្រទះឃើញគ្រាប់ត្បាល់៦០មមចំនួន៦៧គ្រាប់និងគ្រាប់មិនទាន់ផ្ទុះមួយចំនួនទៀត
កំពត ៖ កម្មករនិងជាងសំណង់សាងសង់លំនៅឋានក្នុងដីឡូត៍មួយកន្លែងខាងលិចហាងហេងរស្មី ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខណៈជីកដីបុកគ្រឹះសសរស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងផ្លោង(ត្បាល់៦០មីលីម៉ែត្រ) នៅកប់ក្នុងដីមិនផ្ទុះដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមជាច្រើនគ្រាប់មានគ្រាប់ត្បាល់៦០ម.ម ចំនួន៦៧គ្រាប់ មីនក្លេម័រចំនួន១២គ្រាប់ ក្បាលគ្រាប់មិនទាន់ផ្ទុះចំនួន២៧គ្រាប់និងគ្រាប់កាំភ្លើងដៃគ្រប់ប្រភេទចំនួន២គីឡូក្រាមដែលកប់នៅក្នុងដី។បន្ទាប់ពីប្រទះឃើញក្រុមកម្មករក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរដើម្បីជួយអន្តរាគមហៅក្រុមស៊ីម៉ាក់មកទទួលយកទៅកំទេចចោល។
លោកអនុសេនីយ៍ទោ ដា រ៉ា នាយប៉ុស្តិ៍អណ្តូងខ្មែរស្តីទីបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៧នេះក្រុមជាងសំណង់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីឡូត៍ ដែលជាការដ្ឋានសំណង់មួយកន្លែងនៅចំណុចភូមិទ្វី ទើបលោកផ្តល់ដំណឹងនេះយ៉ាងប្រញាប់ប្រញាល់បំផុតទៅក្រុមស៊ីម៉ាក់ដើម្បីមកពិនិត្យនិងយកយុទ្ឋភណ្ឌមិនទាន់ផ្ទុះនេះទៅធ្វើការកំទេចចោល ពេលនោះក្រុមបោសសំអាតមីនកម្ពុជា (ស៊ីម៉ាក់)ក៏បានមកដល់កន្លែងដែលប្រទះឃើញគ្រាប់នៅក្នុងការដ្ឋានសំណង់ខាងលើភ្លាមៗផងដែរ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា៖ក្រោយពីពិនិត្យរួចរាល់ ក្រុមជំនាញស៊ីម៉ាក់ក៏បានយកគ្រាប់មិនទាន់ផ្ទុះទាំងនោះចេញពីកន្លែងការដ្ឋាន ខាងលើដឹកយកទៅកំទេចចោលនៅកន្លែងទីសុវត្ថិភាព ។ ជាមួយនេះ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករសំណង់បើប្រទះឃើញគ្រាប់ដែលមិនទាន់ផ្ទុះដូចខាងលើ សូមកុំប៉ះពាល់វាឲ្យសោះព្រោះវាអាចផ្ទុះបាននៅពេលដែលយើងទៅប៉ះវា ដូច្នេះបើបានប្រទះឃើញត្រូវរាយការណ៍មកប៉ុស្តិ៍ដូចករណីដែលឃើញថ្ងៃនេះដែរ ដើម្បីចៀសវាងកុំឲ្យមានករណីគ្រោះថ្នាក់ដល់អាយុជីវិត៕