ខេត្តកែប ៖ ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៧ នៅខេត្តកែប។ នេះគឺជាលើកទី៦ នៃពិធីបុណ្យសមុទ្រ ដែលប្រារព្ឋធ្វើឡើងនៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧។សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយសប្បាយចិត្តក្នុងការចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅទឹកដីខេត្តកែបនេះ ពីព្រោះវាជាឱកាសមួយដ៏ល្អរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងឡាយ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះនោះទេ តែវាជាក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះវាក៏ជាឱកាសមួយ សំរាប់ជួបជុំ និងដាក់តាំងបង្ហាញនូវផលិតផលផ្សេងៗតាមរយៈស្តង់ពិព័រណ៍នានា។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទេសចរណ៍នាំមកនូវការងារធ្វើ ទេសចរណ៍នាំមកនូវប្រាក់ចំណូល និងធ្វើអោយជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរផងដែរ។ ការប្រារព្ធពិធីបុណ្យសមុទ្រនេះនឹងក្លាយជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមថាជា “តារារះនាទិសនិរតី” ដែលមានខេត្តសំខាន់ចំនួន០៤រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន បន្ទាប់ពីប្រាង្គប្រាសាទអង្គវត្ត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាំបាច់រួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់ឆ្នេរកម្ពុជា ឲ្យមាននិរន្តរភាព ហើយឆ្នេរសមុទ្រកម្ពុជា ត្រូវតែជាឆ្នេរសមុទ្របៃតង ដែលស័ក្ដិសមជា សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក។នាឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ចំនួន៥ចំនុចសំខានៗដូចជា១)ការរក្សាសន្តិភាពគឺជាចំនុចសំខាន់ ដែលចាំបាច់ត្រូវតែចូលរួមថែរក្សា ព្រោះគ្មានភ្ញៀវទេសចរណ៍ណាមកលេងកន្លែងដែលមានសង្គ្រាមនោះទេ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ ។២)រក្សាអោយបាននូវសមុទ្របៃតង រក្សាអោយបានជាឈ្មោះជាតារារះនាទិសនិរតី អភិវឌ្ឍន៍តំបន់ឆ្នេរបន្ថែម ការពារឆ្នេរ ការពារបរិស្ថានធម្មជាតិ ត្រូវធ្វើអោយឆ្នេរសមុទ្រកម្ពុជានៅតែស្អាតជានិច្ច ។៣)ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាការតភ្ជាប់ មានផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបំរើភ្ញៀវទេសចរណ៍។៤) ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយបានល្អគ្រប់ទីកន្លែង កុំអោយមានក្រុមគ្រឿងញៀន ចោរឆក់ ប្លន់ មិនត្រូវអោយសមុទ្រកម្ពុជាក្លាយទៅជាកន្លែងជ្រកកោននៃពួកគ្រឿងញឿន ប្ញពួកភេរវកម្មណាមួយឡើយ។៥) ត្រូវជំរុញការផលិត ផលិតផល ទេសចរណ៍អោយបានច្រើនដូចជា បង្កើនការដាំដុះដំណាំបែបធ្មជាតិ សំរាប់លក់ចែកចាយដល់ភ្ញៀវទេសចរណ៍ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើម ជាពិសេសតាមសណ្ឋាគារនានាត្រូវយកចិត្តទុកដាក់ និងទិញផលិតផលធម្មជាតិពីប្រជាពលរដ្ឋដើម្បីបំរើភ្ញៀវទេសចរណ៍។មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសជាមិត្តទាំង៥ ដូចជា ប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និងថៃ ដែលបានគាំទ្រ និងចូលរួមសម្តែងសិល្បៈនៅក្នុងពិធីបុណ្យសមុទ្រ របស់យើង ដោយបានចាត់បញ្ជូនប្រតិភូក្រុមសិល្បករ សិល្បការនីមកចូលរួមប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និង កិច្ចសហការដ៏កក់ក្តៅបំផុត។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យ សមុទ្រ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ភ្ញៀវទេសចរអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម កំសាន្តសប្បាយនៅក្នុងពិធីបុណ្យសមុទ្រដ៏អធិកអធម្មថ្ងៃនេះ។ ពិធីបុណ្យនឹងបន្តនៅថ្ងៃស្អែកទី ២៤ ធ្នូ។ សូមបងប្អូនជនរួមជាតិអញ្ជើញចូលរួមទស្សនាកំសាន្តសប្បាយគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ