កែប ៖ ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាក្រោមប្រធានបទ" ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន " ជាមួយនឹងទិសស្លោក " និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍន៍ " កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាប្រជុំសាលាខេត្តកែប លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសូងទេសចរណ៍បានមានប្រសាសន៍ថា៖ខេត្តកែបជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ ដែលមានបរិស្ថានស្អាត ធម្មជាតិស្រស់បំព្រងប្រកបដោយភាពទាក់ទាញបំផុត។ ក្នុងន័យនេះហើយ ទើបខេត្តកែបត្រូវបានកំណត់ជាគោលដៅទេសចរណ៍បៃតងសម្រាប់បច្ចុប្បន្ន និងទៅអនាគតខាងមុខ។ ដូច្នេះការទទួលយកដៃគូមកវិនិយោគពាក់ព័ន្ធនឹងវិស័យទេសចរណ៍ចាំបាច់មានការទទួលខុសត្រូវខ្ពស់ ពោលគឺឱ្យប្រាកដថាក្រុមហ៊ុននោះស្ថិតក្នុងកម្រិតស្តង់ដារ។លោក រដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ អ្នករកទទួលទានត្រូវចេះចាប់យកឱកាស ព្រោះខេត្តកែបមានការនិយមមកលម្ហែ កម្សាន្ត និងស្នាក់នៅពីសំណាក់ភ្ញៀវបរទេសតាំងពីយូរយារណាស់មកហើយ។ រឿងដែលសំខាន់ ប្រតិបត្តិករត្រូវរៀនបន្ថែមនូវរបៀបបដិសណ្ឋារកិច្ច ជំនាញម្ហូបអាហារទាំងសម្រាប់ភ្ញៀវជាតិ ទាំងភ្ញៀវអន្តរជាតិ។ ផ្អែកលើប្រធានបទនៃអង្គសិក្ខាសាលាខាងលើ ដើម្បីឲ្យទីក្រុងឆ្នេរសមុទ្រនេះមានភាពបៃតងដូចអ្វីដែលបានកំណត់ក្នុងគោលដៅទេសចរណ៍ គ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាការពារបរិស្ថាន និងរក្សាឲ្យបាននូវភាពអនាម័យ។លោក ថោង ខុន បានរំលឹកថា៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកែបត្រូវចាប់ផ្តើមអប់រំផ្សព្វផ្សាយដល់អាជីវករ ពិសេសម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានតម្រូវឲ្យចាប់ផ្តើមបញ្ឈប់ការដាក់ក្រដាសអនាម័យសម្រាប់ភ្ញៀវនៅតាមតុអាហារឬតាមកន្លែងលក់ចំណីអាហារនានា ដោយជំនួសនូវការប្រើកន្សែងត្រជាក់វិញ។ លោក រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ផែនការនេះនឹងអប់រំផ្សព្វផ្សាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីឆ្នាំ២០១៨តទៅ។ វិធីនេះនៅប្រទេសសិង្ហបូរីគេបានអនុវត្តជាយូរមកហើយ។ ការដាក់ក្រដាសអនាម័យនឹងមិនអាចជៀសផុតពីភ្ញៀវបោះរប៉ាត់រប៉ាយក្រោមតុអាហារនោះឡើយ។លោក កែន សត្ថា អភិបាលខេត្តកែបបានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន ស័ក្តិសមជាខេត្តតារារះនាទិសនិរតី។ លោកអភិបាលខេត្តបានបន្តថា ផ្តើមចេញពីកត្តាស្ថេរភាពនយោបាយ សន្តិសុខ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច យុទ្ធសាស្ត្រទីផ្សារបើកចំហជើងមេឃ ការកើនឡើងតម្រូវការសម្រាប់ផ្នែកទេសចរណ៍ឆ្នេរសមុទ្រក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយភាពទាក់ទាញបានធ្វើឱ្យភ្ញៀវមកទស្សនា សម្រាកលម្ហែកម្សាន្តក្នុងខេត្តកែបមានបរិមាណកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០១៧ ខេត្តកែបទទួលភ្ញៀវទេសចរបានប្រមាណជាងមួយលាននាក់កើនឡើង៣៥,៥៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦កន្លងទៅនោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ