កែប ៖ នៅព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៧នេះ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងលោកស្រី និងលោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកែប។ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់អស់លោកជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាលរងខេត្ត អាជ្ញាធរក្នុងតំបន់ ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជន ស ស យ ក ខេត្តកែប ព្រមទាំងកុមារកំព្រាក្នុងមណ្ឌលខេត្តកែបផងដែរ។អំណោយដែលលោកបណ្ឌិត ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តកែបនាពេលនេះរួមមាន៖ អង្ករចំនួន៤តោន មីខ្លាឃ្មុំចំនួន៥០កេស ប្រេងឆាចំនួន៥ធុង ទឹកដោះគោខាប់ចំនួន៥កេស ទឹកដោះគោឆៅ ចំនួន១០កេស ប៊ីចេង១បាវ ស្ករស២បាវ ភេសជ្ជៈចំនួន ៥០កេស ថវិកាសម្រាប់ក្មេងៗ៥៦នាក់ ក្នុងម្នាក់២០.០០០រៀល បុគ្គលិក១០នាក់ ក្នុងម្នាក់ ៨០.០០០រៀល និងនាយសាលាបានទទួលថវិកាចំនួន១៥០.០០០រៀល ដោយសរុបក្នុងការចំណាយនោះចំនួន ១២.៥៣០.០០០រៀល។ថ្លែងសំណេះសំណាលនាពេលនេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា៖ លោកសូមចូលរួមអបអរសាទរយ៉ាងពេញទំហឹង ចំពោះស្នាដៃអភិវឌ្ឍរបស់អាជ្ញាធរខេត្តកែប គ្រប់លំដាប់ថ្នាក់ ពិសេសលោក កែន សត្ថា អភិបាលខេត្តកែប ដែលបានខិតខំពុះពារ ជម្រុញក្នុងការស្ថាបនានូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពរីកចម្រើន។លោកបណ្ឌិត ក៏បានកោតសរសើរទៀតថា ខេត្តកែបពិតជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាកត្តាមួយជម្រុញដល់វិស័យទេសចរណ៍កាន់តែល្បីល្បាញពីមួយឆ្នាំទៅមួយឆ្នាំ។ជាមួយគ្នានេះលោកបណ្ឌិត ក៏បានដាស់តឿន ក្រើនរំលឹកដល់កុមារជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យបានពូកែទាំងអស់គ្នា ពិសេសជាងនេះយើងទាំងអស់គ្នាត្រូវចូលរួមសហការសម្អាតអនាម័យ រក្សាការពារបរិស្ថានធម្មជាតិទាំងអស់គ្នា ដើម្បីខេត្តទេសចរណ៍។បរិស្ថានស្អាត អនាម័យល្អ វិស័យទេសចរណ៍មានការរីកចម្រើន។លោកបណ្ឌិតបានសន្យាថា៖ក្នុងកិច្ចសំណេះសំណាល សួរសុខទុក្ខដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រានេះ លោកនឹងរៀបចំឲ្យមានកម្មវិធីក្នុងមួយឆ្នាំម្តងចាប់ពីពេលនេះតទៅ។លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានសំដែងនូវការអបអរសាទរ និងអរគុណជាអនេក ចំពោះ ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងលោកជំទាវ ដែលបានចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកែបនាពេលនេះ។លោកបានលើកឡើងថា៖ ជាទូទៅកុមារកំព្រាក្នុងមណ្ឌលទាំងមូល អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទីនេះក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ ដើម្បីឲ្យពួកគេមានលទ្ធភាពចូលសិក្សាក្នុងសាលា។ទន្ទឹមនឹងនេះ លោកសូមដាស់តឿនដល់ក្មួយៗ ចៅៗ ទាំងអស់គ្នាត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិទ្យាជាមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើន។លោកបានបញ្ជាក់ផងដែរថា៖ពិធីបុណ្យសមុទ្ររបស់យើងជិតមកដល់ហើយ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នា សូមកុំបោះចោលសំរាមផ្តេសផ្តាស ព្រោះខេត្តយើងជាខេត្តទេសចរណ៍គំរូ ដែលទទួលបានពានរង្វាន់ទីក្រុងស្អាត លើសូចនាករចំនួនបី គឺដីស្អាត ទឹកស្អាត ខ្យល់ស្អាត ហើយនៅពេលខាងមុខខេត្តកែបនឹងទទួលបាននូវពានរង្វាន់ថ្មីមួយទៀតគឺទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ