បន្ទប់អនាម័យនៅក្នុងទីស្នាក់ការច្រកទ្វារអន្តរជាតិជាង១ខែហើយគ្មានទឹកប្រើប្រាស់ សមត្ថកិច្ចប្រចាំការគ្នានខ្វាយខ្វល់
ខេត្តបន្ទាយមានជ័យ ៖ រយះពេលជាង១ខែទៅហើយ ដែលបន្ទប់អនាម័យនៅក្នុងទីស្នាក់ការច្រកទ្វារអន្តរជាតិ គ្មានទឹកសម្រាប់ប្រើប្រាស់នោះឡើយ បណ្តាលឱ្យភ្ញៀវជាតិអន្តរជាតិរអ៊ូមិនដាច់ពីមាត់ថា៖ច្រកទ្វារអន្តរជាតិទាំងមូលបែរជាគ្មានទឹកប្រើទៅវិញគួរឱ្យខ្មាស់គេខ្លាំងណាស់ តើបើមានរបៀបនេះហើយឱ្យពួកគាត់ទៅរកបន្ទប់អនាម័យនៅឯណាវិញទៅ?។
តាមការសង្គេតឃើញជាប្រចាំនៅខាងក្នុងទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តងគឺពិតជាគ្មានទឹកប្រើប្រាស់មែន ដោយសារតែកាលពីមុនលោកអភិបាលក្រុងចាស់ជាអ្នកធានាចេញថ្លៃបង់ទឹកជូនមកស្នាក់ការច្រកជាប្រចាំ លុះមានការដោះដូរភារកិច្ចអភិបាលចាស់ចេញមកអភិបាលថ្មី បែរជាដាច់ទឹករហូតមកដល់ពេលនេះ។គួររំលឹកដែរថា៖លោកប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតសព្វថ្ងៃមានឈ្មោះ វួច អូន តែលោក វួច អូន ត្រូវបានមហាជនសម្គល់ឃើញថា៖លោកពុំសូវនៅស្នាក់ការនោះឡើយចង់ទៅស្នាក់ការគ្មានភ្លើង គ្មានទឹកឬកើតមានភាពរញ៉េរញ៉ៃនៅលើស្ពានអន្តរជាតិនិងនៅមុខស្នាក់ការរបស់លោកយ៉ាងណាក៏ដោយក៏លោកមិនឈឺក្បាលដែរ។
មានការលើកឡើងជាបន្តបន្ទាប់ពីសំណាក់មន្ត្រីប៉ូលិសដែលកំពុងធ្វើការនៅទីនោះបាននិយាយថា៖ មានពេលខ្លះខាងប៉ូលិសចេញថ្លៃសំអាតអនាម័យជាខែ ជូនទៅកម្មករជាប្រចាំផងដែរនិងជួយបង់ថ្លៃភ្លើងជំនួសទីស្នាក់ការទៀតផងគេថា នៅមានពេលខ្លះបង្គន់ស្ទះរាល់ថ្ងៃគឺគ្មានការយកចិត្តទុកដាក់ពីមន្ត្រីស្នាក់ការនោះឡើយ។ដូច្នេះ គួរតែថ្នាក់លើរកមនុស្សណាដែលចេះធ្វើការមកធ្វើជាអ្នកគ្រប់គ្រងឱ្យបានល្អផងចុះ បើទោះជាស្នាក់ការចាស់ត្រូវរុះរើធ្វើថ្មីក៏ដោយក៏គួរតែមានអ្នកមកប្រចាំការទទួលខុសត្រូវដែរ ព្រោះជាច្រកអន្តរជាតិមុខមាត់ជាតិទាំងអស់គ្នាមិនអាចបោះបង់ចោលការងារនេះបានទេ។
ទាក់ទិននិងបញ្ហាខាងលើនោះដែរលោកវួច អូន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបំភ្លឺប្រាប់អ្នកកាសែតថា ការពិតទៅលោកគឺជាមនុស្សមកទទួលថ្មបាក់តែប៉ុណ្ណោះ៖លោកបានបន្តទៀតថា៖មានករណីជំពាក់លុយថ្លៃទឹក ថ្លៃភ្លើង ជាង២០លានរៀលឯណោះដោយសារអ្នកទទួលខុសត្រូវមុនៗ មិនមែនមកពីខាងលោកនោះទេ ដូច្នេះហើយទើបមានបញ្ហាបែបរហូតមក។តាមប្រភពពីមហាជនដែលនៅទីនោះបានបង្ហើបឱ្យដឹងថា៖មានមន្ត្រីសំខាន់ៗច្រើនណាស់ដែលបំពេញការងារនៅទីនោះ ហើយសុទ្ធតែកន្លែងខ្លាញ់ទៀតផងមិនត្រឹមតែប៉ុណ្ណោះគេបានសង្គេតឃើញថាតាមជំនាញនីមួយៗ គឺសុទ្ធតែខំរកលុយបំពេញហោប៉ៅរៀងៗខ្លួនតែម្តងចុះហេតុអីរឿងជំពាក់លុយជាង២០លានរៀល ដោះស្រាយមិមចេញដូច្មេះទៅវិញ? គួរតែថ្នាក់លើមេត្តាជួយសម្រួលនិងមានវិធានការផងទាន៕