កែប ៖ ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ គេបានកត់សម្គាល់ឃើញក្រុមអ្នកទេសចរណ៍ជាតិ-អន្តរជាតិ បានសម្រុកមកលម្ហែ កម្សាន្តយ៉ាងច្រើនកុះករនៅតំបន់ទេសចរណ៍ឆ្នេរកែប ដូចទឹកបាក់ទំនប់។ជាទូទៅតំបន់ទេសចរណ៍ឆ្នេរកែប ខណៈមានកម្មវិធីឬព្រឹត្តការណ៍សំខាន់ៗនានា និងបុណ្យជាតិផ្សេងៗ ក្រុមភ្ញៀវទេសចរណ៍តែងផ្តោតការចាប់អារម្មណ៍ ព្រមទាំងបានដៅមុខព្រួញហើយជាស្រេច ដើម្បីនាំក្រុមគ្រួសារ កូន ចៅ សាច់ញាតិមកសម្រាក លម្ហែ កម្សាន្ត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់មើលទេសភាពយ៉ាងប្រណិតៗនៅតំបន់ទេសចរណ៍ដ៏តូចច្រឡឹងមួយនេះ ហើយទិសដៅរបស់ភ្ញៀវជាតិនាអំឡុងបច្ចុប្បន្នមិនមែនសំដៅតែលើមាត់ឆ្នេរដ៏ស្រស់ស្អាតមួយមុខនោះទេ សូម្បីបណ្តាកោះ ក្នុងអាណាចក្រខេត្តកែប ក៏ជាមុខព្រួញយ៉ាងសំខាន់ដែលអ្នកទេសចរណ៍ចង់ឃើញ ចង់ស្គាល់ដើម្បីបន្តដំណើរទៅសម្រាក លម្ហែផងដែរ។ចំពោះឱកាសបុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេលបីថ្ងៃ គឺថ្ងៃទី០២រហូតដល់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គេសង្កេតឃើញក្រុមអ្នកទេសចរណ៍ ទាំងក្នុងស្រុក ទាំងក្រៅស្រុក ពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តឆ្ងាយៗ បានឆ្លៀតពេលដឹកក្រុមគ្រួសារតាមមធ្យោបាយនានា មកកាន់តំបន់រមណីយដ្ឋានខេត្តកែប ដើម្បីឲ្យកូនចៅបានដឹង បានស្គាល់ ពីសម្រស់ដ៏ទាក់ទាញពិតៗ ដែលភាគច្រើនកន្លងមកពួកគាត់បានត្រឹមតែឮ និងបានដឹងយាមរយៈការនិយាយតៗគ្នាតែប៉ុណ្ណោះ ដោយមិនបានមកឃើញផ្ទាល់ភ្នែកបែបនេះឡើយ។ហើយកត្តាគួរឲ្យកត់សម្គាល់នោះ គឺក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃនេះ គ្មានការហែកសំបុត្រភាសីុរថយន្តនៅតាមដងផ្លូវដូចពិធីបុណ្យជាតិនានានោះឡើយ គឺហែកសំបុត្រតែជុំវិញចំណតរថយន្តតែប៉ុណ្ណោះ។ជាមួយនេះដែរ មហាជនទូទៅក៏បានលើកឡើងថា នាឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែឆ្នាំនេះ នៅតាមតំបន់ទេសចរណ៍ជាច្រើន នឹងមានបងប្អូនប្រជាពលរដ្ឋទៅលម្ហែ កម្សាន្តយ៉ាងផុលផុស ព្រោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បណ្តារោងចក្រ សហគ្រាសទូទាំងប្រទេស ត្រូវបានឈប់សម្រាកពីការងារ ទើបពួកគាត់មានឱកាសនាំក្រុមគ្រួសារ ដើរលេងកម្សាន្តយ៉ាងសប្បាយ គាប់ជួនបច្ចុប្បន្នប្រទេសយើងមានសុខ សន្តិភាពពេញបរិបូរណ៍ នៅទីណាក៏មានសុវត្ថិភាព អាចឲ្យដំណើរកម្សាន្តរបស់លោកអ្នកគ្មានអ្វីគួរឲ្យព្រួយបារម្មណ៍ឡើយ។ផ្តើមពីកត្តាអំណោយផលពីធម្មជាតិ ខេត្តកែប ដែលបានរៀបចំកែលម្អជាជំហានៗ និងការអភិវឌ្ឍន៍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិតជាបានជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែមានសក្តានុពលដ៏ខ្លាំងក្លា ហើយគេសង្ឃឹមថា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ខេត្តទេសចរណ៍យ៉ាងតូចច្រឡឹងមួយនេះ រិតតែមានការរីកចម្រើនជាលំដាប់ ស្របតាមកិតិ្តស័ព្ទដ៏ល្បាញល្បីដែលសកលលោកបាននិងកំពុងផ្តល់តម្លៃ និងមានជំនឿចិត្តយ៉ាងមុតមាំថាជាខេត្តទេសចរណ៍មានឆ្នេរស្រស់ស្អាតដាច់គេ ជាតារារះក្នុងទិសនិរតី ជាផ្ការំដួលបីទង ជាឆ្នេរទទួលបាននិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករចំនួន៣ គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ប្រកបដោយភាពបៃតង និងខៀវស្រងាត់។ដូច្នេះក្នុងពិធីបុណ្យសមុទ្រលើកទី៦ជុំទី២នៅខេត្តកែប គេសង្ឃឹមថា ភ្ញៀវនឹងសម្រុកមកទស្សនានៅក្នុងរមណីយដ្ឋានឆ្នេរកែប រាប់លាននាក់មិនខាន ព្រោះបច្ចុប្បន្ននេះ ខេត្តកែបត្រូវបានរៀបចំតាក់តែង កែលម្អសោភណភាពយ៉ាងល្អឥតខ្ចោះ នៅគ្រប់កន្លែង ពិសេសដងផ្លូវសំខាន់ៗ ក៏ត្រូវបានពង្រីកយ៉ាងធំទូលាយផងដែរ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ