កម្ពុជានាំស្រូវទៅវៀតណាម ៧០០ តោន ក្នុងមួយថ្ងៃ តាមច្រកព្រែកអន្សា
(កំពត)៖ បើតាមប្រភពពីកម្មករ ថៅកែទិញស្រូវ សមត្ថកិច្ច និងសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ឲ្យដឹងថា ស្រូវកម្ពុជានាំចេញទៅប្រទេសវៀតណាមតាមច្រករបៀងព្រែកអន្សា ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ក្នុងមួយថ្ងៃ ចន្លោះពីប្រាំទៅប្រាំបីរយតោន បើទោះបីជាច្រកមួយនេះបើកឲ្យដំណើរការជាលក្ខណៈលួចលាក់ ឬគេចពន្ធនៅឡើយ។
មេប៉ុស្តិ៍ការពារព្រំដែនតំបន់ព្រែកអន្សា ឃុំព្រៃទន្លេ លោក នួន តោក បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៨ ខែ វិច្ឆិការ ឆ្នាំ២០១៧ថា ការដឹកជញ្ជូនស្រូវកម្ពុជានាំចេញទៅប្រទេសវៀតណាមតាមច្រកព្រែកអន្សា បានចាប់ផ្តើមដំណើរការឡើងវិញប្រមាណជាង១០ថ្ងៃ ក្រោយពេលដែលច្រករបៀងមួយនេះត្រូវបានបិទមួយរយៈ។ តាមការប៉ាន់ស្មានរបស់លោកជញ្ជីងខាងលិចព្រែក នាំស្រូវចេញមួយថ្ងៃប្រមាណជា២០ឡាន(ជាង២០០តោន)។ លោកបានបញ្ជាក់ថាច្រករបៀងមួយនេះទាំងភាគីខ្មែរ និងវៀតណាមហៅឈ្មោះដូចគ្នាថាច្រក “ដូនតា” ព្រោះច្រកនេះជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រជាជនខ្មែរដោះដូរទំនិញគ្នាជាមួយប្រជាជនវៀតណាមដែលជាអ្នកភូមិផងរបងជាមួយគ្នា តាំងពីដូនតាមក។
លោក ហូ ណាត ថៅកែទិញស្រូវធំជាងគេ និងជាម្ចាស់ជញ្ជីងប្រចាំច្រករបៀងព្រែកអន្សាប៉ែកខាងកើតព្រែក បានប្រាប់ឲ្យដឹងដែរថា សម្រាប់កន្លែងលោកជាមធ្យមនាំស្រូវចេញចន្លោះ ពី៣ ទៅ ៥រយតោនក្នុងមួយថ្ងៃ។ លោកថាស្រូវដែលនាំចេញតាមព្រែកមួយនេះ ដឹកជញ្ជូនមកពីខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះសីហនុ និងបណ្តាស្រុកមួយចំនួនរបស់ខេត្តតាកែវដែលជាប់និងខេត្តកំពត។
លោកបានបញ្ជាក់ថា ច្រកនេះនាំស្រូវចេញមិនចេះដាច់ទេ គឺពេញមួយឆ្នាំតែម្តង ផុតពីស្រូវផ្កាម្លិះ ដល់អ៊ីអ៊ែ ផុតពីអ៊ីអ៊ែ ដល់ស្រូវស្រាល និងស្រូវធ្ងន់ តគ្នាជាប់ហូរហែរ។ លោកបានបន្ថែមទៀតថា តម្លៃស្រូវឆ្នាំនេះ ឡើងថ្លៃជាងឆ្នាំមុន ដោយសារបើកច្រករបៀងនេះ (ស្រូវផ្កាម្លិះ១គីឡូ តម្លៃ ១២៣០រៀល និងស្រូវអ៊ីអ៊ែតម្លៃ៨២០រៀលក្នុងមួយគីឡូក្រាម)។
ប្រជាពលរដ្ឋ ឈ្មួញ កម្មករ មានសេចក្តីត្រេកអរដែលច្រកនេះត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ព្រោះពួកគេងាយស្រួលរកស៊ី មានប្រាក់ចំណូលប្រចាំថ្ងៃ តម្លៃស្រូវឡើងខ្ពស់។
យ៉ាងណាក៏ដោយ លោកហូ ណាត់បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ច្រករបៀងព្រែកអន្សា ឃើញតែបើក ហើយបិទ បិទហើយបើក មិនមានស្ថិរភាពទេ ហើយថាការនាំស្រូវចេញតាមច្រកមួយនេះ ស្ថិតនៅក្នុងលក្ខណៈលួចលាក់នៅឡើយ ដោយភាគីវៀតណាមមិនទាន់អនុញ្ញាតបើកច្រកនេះឲ្យប្រើប្រាស់ជាផ្លូវទេ។ លោកស្នើសុំឲ្យថ្នាក់ដឹងនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលជួយបើកច្រករបៀងនេះឲ្យទៅច្រកទ្វេភាគីកម្ពុជា-វៀតណាមវិញព្រោះច្រក់នេះមានសក្តានុពលខ្លាំងណាស់។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្ព័នអ្នកនាំចេញកសិផល និងផ្លែឈើកម្ពុជា លោក ហាក់ វណ្ណា បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែវិឆ្ឆិការនេះថា ស្រូវដែលនាំចេញទៅវៀតណាមតាមខេត្តកំពតមានពីច្រក គឺច្រកព្រែកអន្សា និងច្រកទាន់ហន់ ។ក្នុងមួយឆ្នាំច្រកពីនេះមានលទ្ធភាពនាំស្រូវចេញ ប្រមាណ១០ម៉ឺនតោន។ប៉ុន្តែឆ្នាំនេះមានតែច្រកព្រែកអន្សាមួយទេដែលនាំស្រូវចេញ ហើយបើតាមការប៉ានស្មានរបស់លោក ក្នុងមួយថ្ងៃនាំស្រូវចេញប្រមាណប្រាំពីរយតោន។
ដោយឡែក ទាក់ទងនិងច្រករបៀងព្រែកអន្សានេះ លោកបានដាក់សំណើរទៅខេត្តដើម្បីសុំឲ្យបើកច្រកមួយនេះជាច្រកទ្វេភាគីវិញ ហើយសាលាខេត្តបានបង្កើតគណៈកម្មាចុះសិក្សា និងបានដាក់សំណើរទៅក្រសួងមហាផ្ទៃហើយ ៕