ស្វាយកែវរមៀតចាប់ផ្តើមមានហាងឆេងវិញហើយ បន្ទាប់ពីចុះថ្លៃមួយរយៈ
(កំពត)៖ ស្វាយកែវរមៀតដែលកន្លងមកធ្លាប់ចុះតម្លៃនៅត្រឹម៥០០រៀលក្នុង១គីឡូក្រាមនោះឥឡូវត្រូវបានក្រុមឈ្មួញតម្លើងថ្លៃរហូតដល់ទៅ២០០០រៀលក្នុង១គីឡូក្រាមហើយ។នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់ក្រុមអ្នករកសីុដឹកកសិផលគ្រប់ប្រភេទឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋដែលរកសីុដឹកជញ្ជូនកសិផល ប្រភេទផ្លែស្វាយក្នុងខេត្តកំពតបានបង្ហើបថា៖ កាលពីប៉ុន្មានខែមុនស្វាយកែវរមៀតដែលពួកគាត់ប្រមូលផលគ្រប់រដូវគឺលក់ពំុបានថ្លៃឡើយ ដោយក្រុមឈ្មួញបានឲ្យតម្លៃត្រឹម៥០០ទៅ៦០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ហើយឈ្មួញភាគច្រើនរកទិញតែប្រភេទស្វាយធំៗល្អ ដាច់ខាតមិនយកផ្លែតូចៗទេ តែពេលនេះទិញទាំងអស់មិនរើសប្រភេទធំឬតូចឡើយ។អ្នកដឹកស្វាយបានបញ្ជាក់ផងដែរថា៖ ពេលនេះកសិផលប្រភេទស្វាយកែវរមៀតត្រូវបានក្រុមឈ្មួញតម្លើងថ្លៃវិញហើយ គឺ១គីឡូក្រាមចាប់ពី១៣០០ទៅ២០០០រៀល ដោយឈ្មួញបានសម្រុកទិញទៅលក់បន្តនៅក្នុងប្រទេសជិតខាង ក្នុងមួយថ្ងៃៗរាប់សិបតោនឯណោះ។
ដោយសារតែហាងឆេងស្វាយកែវរមៀតកាន់តែមានសន្ទុះបែបនេះ ប្រជាពលរដ្ឋភាគច្រើននៅតាមទីជនបទបាននិងកំពុងបន្តដាំនូវប្រភេទស្វាយប្រភេទនេះយ៉ាងផុសផុល ហើយពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ក្នុងពេលអនាគតទីផ្សារកសិផលក្នុងស្រុក ពិសេសស្វាយកែវរមៀតនឹងកាន់តែមានហាងឆេងខ្ពស់លើសពីនេះទៅទៀត។
គួររំលឹកថា៖ ដីចំការជាច្រើនហិកតា ស្ថិតក្នុងទឹកដីខេត្តកំពត ដូចជានៅតាមភូមិសាស្ត្រស្រុកទឹកឈូ ស្រុកឈូក ស្រុកដងទង់ ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច និងភូមិសាស្ត្រខេត្តកែបផងដែរ កសិករភាគច្រើនចាប់មុខរបរធ្វើចំការ ដោយគេជ្រើសយកការដាំដើមរុក្ខជាតិហូបផ្លែគ្រប់ប្រភេទពិសេសស្វាយកែវរមៀតតែម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ពីទីផ្សារផ្លែស្វាយកែវរមៀតមានហាងឆេងគ្រាន់បើ ហើយឈ្មួញក៏កាន់តែបង្កើនតម្លៃកាន់តែខ្ពស់ផងនោះ ទើបកសិករងាកមកប្រកបកាងារដាំដុះជាបន្តបន្ទាប់ ដោយគ្មានចិត្តរារែកឡើយ៕