កំពត ៖ នៅរសៀលថ្ងៃទី០១ខែវិច្ឆិកា ឆ្ឆ្នាំ២០១៧ រដ្ឋបាលស្រុកកំពង់ត្រាចបានធ្វើពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល និងអភិបាលរងនៃគណៈអភិបាលស្រុក ក្រោមអធិបតីភាព លោកចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត ហែរហមដោយមន្ត្រីក្រោមឱវាទជាច្រើនរូប អាជ្ញាធរដែនដីក្នុងតំបន់ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកផងដែរ។ចំពោះពិធីនេះគឺត្រូវបានប្រកាសចូលកាន់តំណែងមួយរូប ផ្ទេរភាកិច្ចមួយរូប និងតែងតាំងមួយរូប។ដោយយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃគឺតម្រូវឲ្យលោកអូន ខន មានឋានន្តរសកិ្ត អនុមន្ត្រីថ្នាក់លេខ១ដែលកាលពីមុនជាអភិបាលរងស្រុកត្រូវទទួលតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច ជំនួសលោកអ៊ុម សីុណាត ដែលត្រូវផ្លាស់ប្តូរទៅជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាចវិញ។ចំណែកលោកង៉ែត សុផល ដែលជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានការិយាល័យកសិកម្មស្រុក ត្រូវតែងតាំងជាអភិបាលរងស្រុកកំពង់ត្រាច។ដោយឡែក លោកជួន សុភា មានឋានន្តរសកិ្តជាអនុមន្ត្រីថ្នាក់លេខ១ ដែលជាអភិបាលរងស្រុកកំពង់ត្រាចចាស់ ត្រូវបានប្រកាសឲ្យបំពេញតួនាទីជាអភិបាលរងស្រុកកំពង់ត្រាច ដូចមុនដដែល។ហើយក្នុងពិធីប្រកាសចូលកាន់តំណែងនារសៀលនេះ ក៏មានការផ្ទេរភារកិច្ច គឺអ្នកស្រី ជុំ សារឹម កាលមុនជាអភិបាលរងស្រុកទងទង់ ឲ្យមកកាន់តំណែងជាអភិបាលរងស្រុកកំពង់ត្រាច។មានប្រសាសន៍សំណេះសំណាលលោក ចាន់ ចេស្តា អភិបាលខេត្តកំពត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់ត្រាចទាំងមូលដែលតែងបានរួមសាមគ្គីសហការគ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាននិងបម្រើសេវាសាធាណៈទាំងសេវាសំណូមពរនិងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ គួរឲ្យមោទនៈ។ ពិសេសបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែក យ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិនិងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។លោក អភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់់ទៀតថា៖ ការតែងតាំង ការផ្លាស់ប្ដូរការផ្ទេរមុខតំណែង គឺជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិលក្នុងមុខងារសាធារណៈរបស់ក្រសួង ស្ថាប័ននិមួយៗ នៃរាជរដ្ឋាភិបាលកម្ពុជា ។ គឺសំដៅធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបានប្រសើរឡើងថែមទៀតតែប៉ុណ្ណោះ។ ដូចនេះអាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសលោក លោកស្រី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនិងផ្ទេរភារកិច្ចជាអភិបាល អភិបាលរងស្រុក នាពេលនេះ ត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើននិងប្រសើរឡើងបន្ថែមទៀត។ ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិង សណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ