(កែប)៖ ផ្លូវជាតិលេខ33Aតភ្ជាប់ពីទីប្រជុំជនសេះសទៅកាន់ឆ្នេរហែលទឹកខេត្តកែប ដែលមន្ទីរជំនាញបានស្ថាបនាប្រកបដោយគុណភាព និងមានទំហំទទឹងដ៏ធំមហិមា បន្ទាប់ពីស្ថាបនារួចរាល់ប្រមាណជាង៩០%នោះ ខណៈនេះខាងមន្ត្រីជំនាញបានបញ្ជាក់ថា នឹងខិតខំជម្រុញស្ថាបនាបន្តប្រវែង៩០០ម៉ែត្រទៀតឲ្យបានរួចរាល់មុនបុណ្យសមុទ្រ ដោយកិច្ចការនេះ គឺអនុវត្តតាមគោលការណ៍របស់ប្រមុខដឹកនាំខេត្ត ដែលកំពុងតែពន្លឿននូវភារកិច្ចស្នូលសម្រាប់អបអរពិធីបុណ្យសមុទ្រដែលនៅសល់តែ២៨ថ្ងៃប៉ុណ្ណោះ នឹងឈានមកដល់ហើយ។ការលើកឡើងបែបនេះ ខណៈមន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តកែប បានបង្ហាញប្រាប់អ្នកយកព័ត៌មាន កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧នៅក្នុងការដ្ឋានផ្លូវជាតិលេខ33A។ដោយឡែក លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នោះថា៖ ផ្លូវតភ្ជាប់ពីទីប្រជុំជនសេះស មកកាន់ឆ្នេរកែប មានប្រវែងសរុប ៧៨០០ម៉ែត្រ ដោយកន្លងមកខាងមន្ទីរជំនាញបានខិតខំជម្រុញអនុវត្តការងារ បានសម្រេចលទ្ធផលជាបន្តបន្ទាប់ រហូតពេលនេះបានប្រវែងសរុប ៦១៥០ម៉ែត្រហើយ។ចំពោះផ្លូវដែលស្ថាបនារួចរាល់ ក៏ត្រូវបានធ្វើសួនចំកណ្តាល មានដាំស្មៅ ដាំដើមរុក្ខជាតិគ្រប់ប្រភេទ ដាំផ្កាចម្រុះពណ៌ និងដាំបង្កោលភ្លើងប្រើឋាមពលពន្លឺព្រះអាទិត្យ(សឡា)ទៀតផង។លោកបានបញ្ជាក់ថា ផ្លូវដែលមន្ត្រីរបស់លោក បាននិងកំពុងស្ថាបនាយ៉ាងផុសផុលនេះ គឺតាមគោលការណ៍របស់ប្រមុខដឹកនាំខេត្តកែប ដែលបានជម្រុញ និងពន្លឿនដល់មន្ត្រីជំនាញអនុវត្តឲ្យបានរួចរាល់មុនពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧នៅខេត្តកែប។ដូច្នេះក្នុងនាមថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ លោកនឹងប្តេជ្ញា ដឹកនាំមន្ត្រីជំនាញ អនុវត្តភារកិច្ចនេះឲ្យបានរួចរាល់តាមការគ្រោងទុក ដើម្បីបម្រើសេវាដល់មហាជនក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីមកលម្ហែ កម្សាន្តក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ខាងមុននេះ។ សូមបញ្ជាក់ថា៖ បុណ្យសមុទ្រ លើកទី៦ ជុំទី២ ឆ្នាំ២០១៧នៅខេត្តកែប បើគិតចាប់ពីថ្ងៃនេះ គឺនៅសល់តែរយៈពេល២៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ហើយ។ដូច្នេះដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើចរាចរ ប្រមុខដឹកនាំខេត្តកែប គឺលោកកែន សត្ថា ក៏បានជម្រុញដល់មន្ទីរសាធារណការ ដែលជាមន្ទីរប្រតិបតិ្តករ ឲ្យស្ថាបនាផ្លូវជាតិលេខ33Aបន្ថែមប្រវែង៩០០ម៉ែត្រទៀត សម្រាប់អបអរពិធីបុណ្យសមុទ្រនេះ។បើបែបនេះ ផ្លូវជាតិលេខ33A ដែលមានប្រវែងសរុប ៧៨០០ម៉ែត្រនោះ បើស្ថាបនាបន្តប្រវែង៩០០ម៉ែត្រទៀត គឺនៅសល់ត្រឹមតែជាង៧០០ម៉ែត្រទៀតទេនឹងរួចរាល់ជាស្ដាពរហើយ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ