រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ខេត្តកែបនឹងទទួលបានពានរង្វាន់ទីក្រុងស្អាត ទេសចរណ៍អាស៊ាន ប្រសិនបើការរៀបចំបុណ្យសមុទ្រលើកទី៦ដំណើរការបានល្អប្រសើរ
កែប ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឡើកឡើងថា ខេត្តកែបនឹងទទួលបានពានរង្វាន់ទីក្រុងស្អាត ទេសចរណ៍ អាស៊ានមួយបន្ថែមទៀតប្រសិនបើការរៀបចំពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តែកែបថ្ងៃទី ២២-២៤ខែធ្នូ ឆ្នាំ២០១៧ ដំណើរការទៅរលូនតាមផែនការមេដែលរូបលោក និងគណៈកម្មការរៀបចំបុណ្យសមុទ្របានកំណត់។ការលើកឡើងបែបនេះរបស់លោកនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំបុណ្យសមុទ្រលើកទី៦ ជុំទី២សម្រាប់ ឆ្នាំ២០១៧ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧នៅក្នុងសាលប្រជុំសាលាខេត្តកែប។
លោកថោង ខុន បានមានប្រសាសន៍ថា៖លោកចង់ធ្វើឲ្យខេត្តកែបទទួលបានពានរង្វាន់ម្តងទៀត គឺពានរង្វាន់ទីក្រុងស្អាតទេសចរណ៍អាស៊ានដែលនឹងត្រូវរៀបចំប្រកាសផ្តល់ពានរង្វាន់ក្នុងពេលឆាប់ខាងមុខនៅប្រទេសថៃ។ លោករដ្ឋមន្ត្រីបានបន្តថាសម្រាប់ខេត្តកែប គ្មានអ្វីដែលពិបាកក្នុងការដណ្តើមយកជ័យលាភីនេះទេ ប្រសិនបើការរៀបចំបុណ្យសមុទ្រលើកនេះ អាចដំណើរការទៅបានល្អដូចជាការគ្រោងទុករបស់គណៈកម្មការ និងតាមការចង្អុលបង្ហាញរបស់លោកនោះ។
នៅក្នុងកចិ្ចប្រជុំនោះ លោកបណ្ឌិត ក៏បានប្រាប់ដល់មន្ត្រី ថ្នាក់ដឹងនាំនៅក្នុងខេត្តទាំងពីរ (កែប- កំពត) ត្រូវយកចិត្តទុកត្រៀមលក្ខណៈឲ្យបានល្អ ជាពិសេសលោក លោកស្រី ជាប្រធានទទួលបន្ទុកតាមផ្នែកនិមួយៗដែលត្រូវបានចាត់តាំង ត្រូវធ្វើការឲ្យច្បាស់លាស់ ហ្មត់ចត់ នៅក្នុងការរៀបចំពិធីបុណ្យសមុទ្រនេះ។លោកគូសបញ្ជាក់ថា ការរៀបចំបុណ្យសមុទ្រលើកនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញអំពីវប្បធម៌ អរិយធម៌ ការអភិវឌ្ឍប្រទេសឲ្យពិភពបានមើលឃើញ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗ។ ពិសេសជាងនេះទៅទៀត បុណ្យនេះជាចំណែកសំខាន់មួយក្នុងការដណ្តើមយកពានរង្វាន់ទីក្រុងស្អាតទេសចរណ៍អាស៊ាន ដែលទាក់ទងទៅនឹងប្រធានបទ"ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន"ក្រោមពាក្យស្លោក"និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ"។
សូមបញ្ចាក់ថា តាមរយៈកិច្ចប្រជុំនោះបានឲ្យដឹងថាខេត្តកែបបានត្រៀមខ្លួនរួចរាល់ ហើយគណៈកម្មការដែលទទួលបន្ទុកតាមផ្នែកនិមួយៗក៏បានធ្វើបទបង្ហាញអំពីលទ្ធផលការងាររៀងខ្លួនៗ ដើម្បីសុំការអនុមត្តិពី លោកបណ្ឌិត ថោង ខុន។ ក្នុងនោះមានចាប់តាំងពីការរៀបចំការគ្រប់គ្រងកាកសំណល់ ថែរក្សាអនាម័យ ការបង្កើតលិខិតបណ្ណ ស្លាកពិដារ ប៉ាណូ វីដេអូផ្សព្វផ្សាយបុណ្យសមុទ្រ ស្តងពិព័រណ៍ផលិតផល ការរៀបចំឆាក ការរៀបចំសិល្បះកម្សាន្ត ការប្រកូតកីឡាផ្សេងៗ ការធ្វើបដិសណ្ឋាកិច្ចទទូលភ្ញៀវបរទេស ការត្រៀមកន្លែងស្នាក់នៅ ការរៀបចំផែនកម្លាំងសន្តិសុខ ដើម្បីការពារសណ្តាប់ធ្លាប់ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងថ្នាក់ដឹកនាំ និងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍បាយ័ន្តជាដើម។ហើយកម្មវិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែបនេះ ក្រៅពីភ្ញៀវជាតិដែលមកពីបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសមកពីប្រទេសផ្សេងៗផងដែរ ៕