(កែប) ៖ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនៅជុំវិញផ្តារក្តាម នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកែប បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាសង់គម្រោងទេសចរណ៍ ស្ថិតចំណុចឆ្នេរផ្សារក្តាម ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មេបញ្ជាការកងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព មន្ត្រីរាជការ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងក្រុមអាជីវករផងដែរ។ការបើកការដ្ឋានសាងសង់ នេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គដែលបាននិងកំពុងអនុវត្តនៅក្នុងខេត្តតំបន់ឆ្នេរចំនួន០៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ហើយចំពោះខេត្តកែប ដែលមានគម្រោងទេសចរណ៍ គឺការធ្វើឱ្យប្រសលរឡើងបរិស្ថានជុំវិញផ្សារក្តាមនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅឆ្នេរកែបផងដែរ។ដោយបច្ចុប្បន្ននៅផ្សារក្តាមខេត្តកែបនេះ មានភោជនីយដ្ឋានចំនួន៣៩ តូបលក់ដូរគ្រឿងសមុទ្រ គ្រឿងទេស ផ្លែឈើ និងសម្ភារៈបន្ទាប់បន្សំផ្សេងៗទៀតមានចំនួន៤០តូប និងអ្នកលក់ចល័តមានចំនួន៥០កន្លែង ដែលសកម្មភាពទាំងនេះបានបង្កឱ្យមានផលប៉ះពាល់បរិស្ថាននៅជុំវិញផ្សារក្តាមនេះ ពិសេសការបង្ហូរទឹកក្រខ្វក់ចូលទៅក្នុងសមុទ្រ នាពេលកន្លងមក។ក្នុងពិធីបញ្ចុះបឋមសិលានាពេលនេះ លោកកែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា៖ ការរៀបចំពិធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសស្វែងយល់ ពីសារសំខាន់លើវិស័យទេសចរណ៍ នឹងបម្រើលើផ្នែកវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។យ៉ាងណាមិញ គោលដៅទេសចរណ៍សំខាន់ៗជាច្រើនកន្លែង ដែលផ្អែកលើធនធានធម្មជាតិ បរិស្ថាន របស់យើងមានអំណោយផល ទើបរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានបង្កើតជារោងចក្រ សហគ្រាស ព្រោះវាជាបញ្ហាមួយបង្កឱ្យប៉ះពាល់ដល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ដោយសារកត្តាបែបនេះ ខេត្តកែប នឹងរៀបចំគម្រោងសាងសង់អាងចម្រោះទឹកក្រខ្វក់សម្រាប់ធ្វើឱ្យមានភាពប្រសើរឡើងនៅចំណុចបរិវេណផ្សារក្តាមនេះ។ចំពោះបញ្ហាមួយចំនួនដែលកើតឡើង ដោយសារម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្កាឡូត៍ មួយចំនួនមិនទាន់គ្រប់គ្រងកាកសំណល់បានល្អផងនោះ។ជាមួយនេះ លោកក៏បានក្រើនរំលឹកដល់ក្រុមអាជីវករទាំងអស់ ត្រូវធ្វើបដិសណ្ឋារកិច្ចដល់ភ្ញៀវឱ្យបានល្អ ពិសេសការគ្រប់គ្រងកាកសំណល់ រាវរឹង សូមកុំបោះចោលរបស់ក្រខ្វក់ចូលក្នុងសមុទ្រ ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យបាត់បង់សោភណភាព ហើយក្រុមអ្នកទេសចរណ៍ ក៏គេមិនចង់មកទស្សនា លម្ហែក្នុងរមណីយដ្ឋានខេត្តកែបនោះដែរ ដោយបញ្ហាទាំងនេះហាក់ដូចជាការបោកឆ្នាំងបាយខ្លួនឯងផងដែរ។ ដូច្នេះទោះបីយើងបានសាងសង់ធ្វើជាអាងប្រតិកម្ម ឬអាងចម្រោះរួចហើយក៏ដោយ ប៉ុន្តែបើពុំមានការចូលរួមពីបងប្អូនអាជីវករទាំងអស់គ្នានោះទេ ក៏នៅតែមិនស្អាតដដែល ចឹងបើចង់ឱ្យខេត្តយើងក្លាយជាទីក្រុងស្អាត រមណីយដ្ឋានស្អាត មានសេវាល្អ លុះត្រាយើងម្នាក់ៗចូលរួមទាំងអស់គ្នា ដូចជាការគ្រប់គ្រងនូវកាកសំណល់រឹង ពិសេសស្បោងកៅស៊ូ ថង់ផ្លាស្ទិក ឬរបស់របរដែលយើងបរិភោគសល់ រួមទាំងរបស់ប្រើប្រាស់ជាច្រើនទៀតផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ