(កែប)៖ ពិធីចែកកង់ សម្ភារសិក្សា និងសំលៀកបំពាក់ដល់កុមារ អាយុក្រោម១៥ឆ្នាំ នៃគម្រោងទប់ស្កាត់ ដកហូតពលកម្មកុមារ លើវិស័យនេសាទ ស្រែអំបិល នៅខេត្តកែបរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាអំពេង ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកេែប លោកនុត សោភ័ណ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធាននាយកដ្ឋានការងារកុមារ និងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធនានា កងកំលាំងប្រដាប់អាវុធ អភិបាលស្រុក អាជ្ញាធរក្នុងតំបន់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលផងដែរ។លោឌិត ឡាយហ៊ាក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានឲ្យដឹងថា៖ ពលកម្មកុមារគឺជាបញ្ហាមួយដែលយើងត្រូវដោះស្រាយ ពលកម្មកុមារក៏បានធ្វើឲ្យកុមារបាត់បង់ការសិក្សា ធ្វើឲ្យកុមារក្រិន ធ្វើឲ្យកុមារខូចកាយសម្បទា ធ្វើឲ្យកុមារជួបហានិភ័យផ្សេងៗ និងបានធ្វើឲ្យកុមារបោះបង់ការសិក្សាអប់រំ។កន្លងមកខេត្តកែបបានទទួលគម្រោងលុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារពីអង្គភាពពលកម្មអន្តរជាតិ(ILO/IPEC)២ដំណាក់កាលរួចមកហើយ។លុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារលើវិស័យនេសាទមានរយៈពេល២០ខែ ចំនួន១០ភូមិ គោលដៅបានអនុវត្តចាប់ពីថ្ងៃទី២០ខែមេសា ឆ្នាំ២០១៦រហូតដល់ថ្ងៃ២០ខែធ្នូ ឆ្នាំ២០១៧។លោកបានបន្តថា ក្រោមគម្រោងកម្មវិធី ឆ្ពោះទៅរកការបង្កើតខេត្តគំរូ សម្រាប់ខេត្តនានា និងដោយមានការគាំទ្រពីសំណាក់លោកអភិបាលខេត្តនិងមានការទទួលខុសត្រូវខ្ពស់ពីស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល បណ្តាញសង្គមសីុវិលផងនោះ អង្គការពលកម្មអន្តរជាតិ(ILO/IPEC)បានកំណត់យកខេត្តកែប ជាខេត្តគំរូសម្រាប់ខេត្តនានា ក៏ដូចជាក្នុងតំបន់ការលុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារគ្រប់វិស័យក្នុងខេត្តកែបឲ្យអស់នៅចុងឆ្នាំ២០១២។លោកប្រធានមន្ទីបានបញ្ជាក់ថា ក្នុងពិធីនេះរាជរដ្ឋាភិបាល និងតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កង់ចំនួន៨០គ្រឿង សម្ភារសិក្សា និងសំលៀកបំពាក់សិស្សានុសិស្សផងដែរ។មានមតិសំណេះសំណាល ក្នុងពេលនេះ លោកកែន សត្ថា អភិបាលខេត្តកែប ក៏បានក្រើនរំលឹកដល់អាណាព្យាបាលសិស្សទាំងអស់ កុំប្រើកូនចៅធ្វើពលកម្មធ្ងន់ធ្ងរ ដោយត្រូវជម្រុញដល់កូនដែលជាកុមារទៅរៀនសូត្រឲ្យបានទៀងទាត់គ្រប់ៗគ្នា ព្រោះកន្លងមកកូនចៅដែលមិនបានចូលរៀន ភាគច្រើនព្រោះតែកត្តាជីវភាព ដូចជាខ្វះមធ្យោបាយធ្វើដំណើរជាដើម។ដូច្នេះដើម្បីជម្នះនូវឧបសគ្គខាងលើនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត លើបញ្ហាសិក្សារបស់កុមារា កុមារី ដោយបានកសាងសាលារៀនគ្រប់ទីកន្លែង ស្ថិតគ្រប់តំបន់ សម្រាប់ឲ្យប្រជាពលរដ្ឋមានលទ្ធភាពនាំកូន ចៅទៅសិក្សាក្រេបយកចំណេះវិជ្ជាជាមូលដ្ឋាន។លោកថា បច្ចប្បន្ននេះនៅទីណាក៏មានសាលារៀនដែរ ចឹងហើយមិនថាទីប្រជុំជន ឬទីជនបទមាតាបិតា អាណាព្យាបាលទាំងអស់សូមបញ្ឈប់កុំឲ្យមានពលកម្មកុមារ ដោយបង្វែបកិច្ចការនេះសម្រាប់ឲ្យកុមារចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះកុមារតូចៗត្រូវបានកង់សម្រាប់ជាមធ្យោបាយហើយ គឺគ្មានពិបាកដូចគ្រាមុនឡើយ។ម្យ៉ាងទៀតតាមមូលដ្ឋាននិមួយៗ សាលារៀនក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន កសាងនៅគ្រប់ទីកន្លែងនៅក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ សម្រាប់ជាកាដូដ៏មានសារប្រយោជន៍បំផុតដល់កុមារគ្រប់ស្រទាប់បានចូលសិក្សាយកចំណេះដឹងជាមូលដ្ឋាន។ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែកកង់ សម្ភារសិក្សា ព្រមទាំងសំលៀកបំពាក់ដល់កុមារ និងឧបត្ថម្ភថវិកាមួយចំនួន ដល់អាណាព្យាបាលសិស្ស ដែលមកចូលរួមក្នុងពិធីនេះផងដែរ។/ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ