កែប ៖ កំណាត់ផ្លូវជាតិលេខ33A ដែលតភ្ជាប់ពីរង្វង់មូលសេះស មកកាន់ទីលម្ហែឆ្នេរកែប មានប្រវែង៧.៨០០ម៉ែត្រ បន្ទាប់ពីបានស្ថាបនាយ៉ាងធំទូលាយនោះមក មហាជន ក៏ដូចជាប្រជាពលរដ្ឋ បានសំដែងការសប្បាយរីករាយក្រៃលែង ព្រោះផ្លូវដែលធ្លាប់តែតូចចង្អៀត ឥឡូវបានប្រែរូបរាងដ៏ធំទូលាយ ថែមទាំងបានតាក់តែងរចនាយ៉ាងល្អឥតខ្ចោះ ដោយមានលម្អដោយសួនចំកណ្តាល និងបំពាក់នូវបង្គោលប្រើថាមពលពន្លឺព្រះអាទិត្យផងដែរ។លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានប្រាប់ អ្នកយកព័ត៌មាន កាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា៖ កំណាត់ផ្លូវជាតិលេខ33A ដែលតភ្ជាប់ពីទីប្រជុំជនសេះស មកដល់ឆ្នេរលេងទឹកខេត្តកែប មានប្រវែងសរុប ៧.៨០០ម៉ែត្រនេះ គឺស្ថាបនាឡើងតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងដោយតាមការស្នើសុំពីសំណាក់លោកអភិបាលខេត្តកែប ទើបជម្រុញឲ្យមន្ទីរជំនាញអនុវត្តកិច្ចការនេះតែម្តង។លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា៖ ការស្ថាបនាកំណាត់ផ្លូវនេះ គឺធ្វើទៅតាមដំណាក់កាល ដោយបច្ចុប្បន្នខាងជំនាញអនុវត្តដោយអ៊ុតកៅស៊ូបានរួចរាល់ប្រវែង៦.១៥០ម៉ែត្រហើយ ចំណែកផ្លូវនៅសេសសល់ប្រវែង១.៦៥០ម៉ែត្រទៀត ក៏បានឈូសឆាយពង្រីករួចរាល់ ដោយគ្រោងនឹងរៀបចំអ៊ុតកៅស៊ូជាបន្តបន្ទាប់នៅពេលខាងមុខ។លោកថា ផ្លូវនេះមានទទឹងប្រវែង៣៣ម៉ែត្រ បណ្តោយប្រវែង៧.៨០០ម៉ែត្រ មានស្ថាបនាលូជ្រុងចំនួន២កន្លែង និងលូទទឹងផ្លូវ(លូមូល)ចំនួន២៣កន្លែងផងដែរ។ចំពោះផ្លូវដែលបានស្ថាបនារួចរាល់ទាំងអម្បាលម៉ាន ក្រៅពីធ្វើសួនចំកណ្តាលទ្រូងផ្លូវ គឺមានដាំស្មៅនិងផ្កាចម្រុះពណ៌ទៀតផង។ ដោយសារខេត្តកែបជាតំបន់សមុទ្រមានខ្យល់បក់មកពីលម្ហ ទើបខាងជំនាញរៀបចំដាំជាបង្គោលដែលប្រើថាមពលពន្លឺព្រះអាទិត្យ និងមានបំពាក់កង្ហាខ្យល់សម្រាប់បញ្ចូលថាមពលផ្ទុកចរន្តបំភ្លឺអំពូលពេលយប់ ដោយខាងជំនាញអនុវត្តរហូតមកដល់ពេលនេះ បានចំនួន៥៤បង្គោលនិងនៅសល់ប្រមាណជាង១០០បង្គោលទៀត នឹងត្រូវដាក់បន្ថែម ខណៈពេលផ្លូវនេះស្ថាបនាបានរួចរាល់ជាស្តាពរ។ដោយឡែក លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានឲ្យដឹងយ៉ាងដូច្នោះថា កំណាត់ផ្លូវលេខ33A តភ្ជាប់ពីទីប្រជុំជនសេះស មកកាន់ឆ្នេរកែប មានប្រវែងសរុប ៧.៨០០ម៉ែត្រ បន្ទាប់ពីស្ថាបនារួចរាល់ ប្រវែង៦.១៥០ម៉ែត្រនោះ លោកនឹងជម្រុញឲ្យមន្ទីរជំនាញស្ថាបនាបន្តក្នុងប្រវែងផ្លូវ៩៥០ម៉ែត្រទៀត នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះហើយ សម្រាប់ឆ្លើយតបឲ្យទាន់ពិធីបុណ្យសមុទ្រជុំទី២របស់ខេត្តកែប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២-២៤ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ចំណែកនៅសល់ប្រវែង៧០០ម៉ែត្រទៀតនោះ នឹងបន្តស្ថាបនាឲ្យបានរួចរាល់ នៅអំឡុងពេលក្រោយទៀត។ជាមួយនេះដែរ ខាងមន្ទីរសាធារណការខេត្ត ព្រមទាំងវិស្វករ ក៏ដូចជាមន្ត្រីជំនាញ ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំសហការ ដុតដៃ ដុតជើង ស្ថាបនាបន្តផ្លូវប្រវែង៩៥០ម៉ែត្របន្ថែមទៀតឲ្យបានរួចរាល់មុនពិធីបុណ្យសមុទ្រ តាមទិសដៅរបស់ប្រមុខដឹកនាំខេត្តកែប។គួររំលឹកឡើងវិញថា កំណាត់ផ្លូវ តភ្ជាប់ពីទីប្រជុំជនសេះស មកកាន់ឆ្នេរកែបមានប្រវែង៧.៨០០ម៉ែត្រ ដែលជាការផ្តួចផ្តើមស្ថាបនាឡើង ពីសំណាក់ប្រមុខដឹកនាំប្រទេសនោះ ត្រូវបានបើកការដ្ឋានកាលពីឆ្នាំ២០១២ ហើយមកដល់ពេលនេះត្រូវបានខាងមន្ទីរជំនាញស្ថាបនាចេញរូបរាងយ៉ាងធំទូលាយ រំលេចដោយសោភណភាពស្រស់ត្រកាល ប្រកបដោយគុណភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ។ចំពោះការស្ថាបនាផ្លូវមួយនេះ បានរួចរាល់កាលណា មហាជន ក៏ដូចជាប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ បានសំដែងក្តីរីករាយឥតឧបមា ដែលធ្វើឲ្យដំណើរលម្ហែ កម្សាន្ត របស់ពួកគេប្រកបដោយភាពងាយស្រួល គ្មានការកកស្ទះចរាចរណ៍ដូចគ្រាមុនទៀតឡើយ។ដូច្នេះដើម្បីញាំុងពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែប ដែលនឹងឈានមកដល់ នៅថ្ងៃទី២២-២៤ខែធ្នូ ឆ្នាំ២០១៧ខាងមុខ គេសង្ឃឹមថា ប្រជាពលរដ្ឋទាំងទីជិត ទីឆ្ងាយ នៅទូទាំងប្រទេសកម្ពុជា នឹងនាំសមាជិកគ្រួសារមកចូលរួមក្នុងពិធីបុណ្យសមុទ្រនេះ យ៉ាងច្រើនកុះករមិនខាន ព្រោះនេះជាពិធីមួយ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ