រថយន្តដឹកទំនិញពីរគ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់
កំពត ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៣ព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈមានរថយន្តពីរគ្រឿងបុកគ្នាចំពីមុខពេញទំហឹង លាន់ស្នូយ៉ាងកក្រើកក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យតែកុងរថយន្តទាំងសងខាងទទួលគ្រោះថ្នាក់យ៉ាងដំណំផងដែរ។
ហេតុការណ៍ដ៏ព្រឹព្រួចនេះ បានកើតឡើងត្រង់ចំណុចមុខផ្លូវចូលផែវិញហ៊ួរ ក្នុងភូមិគីឡូម៉ែត្រលេខ១២ ស្ថិតក្នុងភូមិកោះតូច ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង០៥និង១៥នាទី ទៀបភ្លឺ ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងរថយន្តសណ្តោង(ខ្នាតធំ)និងរថយន្តដឹកទំនិញ ប្រភេទមធ្យម។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់ក្បែរទីតាំងកើតហេតុបាននិយាយថា មុនពេលប៉ះទង្គិចគ្នា គេឃើញរថយន្តខ្នាតធំប្រភេទសណ្តោង បោះពួយពីកើតទៅលិច ក្នុងល្បឿនដ៏កក្រើក លុះមកដល់ចំណុចគ្រោះថ្នាក់ដែលជាចំណុចផ្លូវរាងដងនង្គ័ល ស្រាប់តែរថយន្តធុនធំនេះរេចង្កូតទៅចំណែកផ្លូវម្ខាងទៀត ចៃដន្យរថយន្តដឹកទំនិញមួយគ្រឿងទៀតបោះពួយមកពីលិចទៅកើតក្នុងទិសដៅបញ្ច្រាស ដោយពេលនោះទំនងគេចមិនទាន់ក៏ព្រលះគ្នាចំពីមុខពេញទំហឹងលាន់ឮដូចផ្ទុះគ្រាប់បែក បណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ធ្ងរផងដែរ។ប្រភពបានបន្តថា ការប៉ះទង្គិចគ្នាយ៉ាងដំណំនេះ សង្ស័យបង្កឡើងដោយសារអ្នកបញ្ជាចង្កូតរថយន្តខ្នាតយក្សងងុយដេកភ្លេចកាច់ចង្កូត ទើបជ្រុលទៅបុកគ្នាទាំងកំរោលបួនជ្រុងបែបនេះ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ អាចផ្តើមឡើងដោយសារភាគីរថយន្តខ្នាតធំមានសណ្តោងកន្ទុយ បើកបរខ្វះការប្រុងប្រយ័ត្ន ជួនកាលអាចដេកលក់មួយភាំង ទើបភ្លេចបង្វិលចង្កូត ហើយរថយន្តនោះក៏រេទៅចំណែកផ្លូវម្ខាងទៀត គាប់ជួនមានរថយន្តដឹកទំនិញប្រភេទធុនមធ្យមបោះពួយមកពីលិច គេចមិនផុតក៏បុកគ្នាប្រាវតែម្តង។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះភាគីអ្នកបើកបរទាំងសងខាងសុទ្ធតែរងរបួសធ្ងន់ដូចគ្នា ហើយកៀបជាប់ក្នុងកាប៊ិនរថយន្ត ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ គាស់យកចេញ ហើយបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗនៅឯមន្ទីរពេទ្យ។
បច្ចុប្បន្នរថយន្តបង្កហេតុទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញអូសយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមនីតិវិធី។/